ថៃចង់លេងល្បែងហែក MoU ៤៤ ចោល ដើម្បីអូសកម្ពុជាឱ្យចូលអន្ទាក់ច្បាប់ថ្មី ដែលខ្លួនតាក់តែងឡើង
ហៀប ស៊ីថេត
16 ម៉ោងមុន

រាជធានីបាងកក៖ មហិច្ឆតាចង់ក្រសោបយកព្រំដែនសមុទ្ទ បានលេចរូបរាងឡើងវិញ ក្រោយអគ្គលេខាធិការនៃក្រុមប្រឹក្សារដ្ឋថៃ បើកផ្លូវឱ្យហែក MoU ៤៤ ចោល រួចបង្ខំឱ្យកម្ពុជាចូលអន្ទាក់ច្បាប់ថ្មី ដោយតម្រូវឱ្យចាប់ផ្តើមពីដំបូងមកវិញ ក្នុងស្រមោលនៃការកេងចំណេញតាមច្បាប់ ដែលខ្លួនតាក់តែងឡើងជាឯកតោភាគី ក្រោមលេសចង់រុះរើកិច្ចព្រមព្រៀងព្រំដែនសមុទ្ទ ដែលបានចុះហត្ថលេខាអស់ជាច្រើនទសវត្សរ៍មកហើយ...។

លោក ផាខន និលប្រៈភុន Pakorn Nilprapunt
លោក ផាខន និលប្រៈភុន Pakorn Nilprapunt

យោងតាមការចុះផ្សាយដោយកាសែតថៃ The Nation នៅថ្ងៃទី១៧កុម្ភៈនេះ បង្ហាញថា អគ្គលេខាធិការនៃក្រុមប្រឹក្សារដ្ឋថៃ លោក ប៉ាកន និលប្រៈផាន់ (ปกรณ์ นิลประพันธ์) បានអះអាងថា នាយករដ្ឋមន្ត្រីចាំផ្ទះ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុទីន ឆានវីរគុល បានណែនាំមន្ត្រីឱ្យសិក្សាពីលទ្ធភាពនៃការលុបចោលអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ជាមួយកម្ពុជា ឬMoU៤៤។ ការលុបចោល MoU៤៤ អាចធ្វើទៅបានជាគោលការណ៍ ប៉ុន្តែត្រូវតែវាយតម្លៃក្រោមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងកិច្ចប្រជុំពាក់ព័ន្ធ ដោយភាគីទាំង២ នឹងត្រូវសម្រេចចិត្តថា តើត្រូវចាប់ផ្តើមពីដំបូង ជាមួយនឹងច្បាប់ថ្មី ឬក៏អត់..? លោកបន្ថែមថា នាយករដ្ឋមន្ត្រីចាំផ្ទះ បានចាត់តាំងក្រសួងការបរទេសឱ្យពិនិត្យមើលបញ្ហានេះ ដោយត្រូវពិចារណាលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលសម្រេចបាន នៅក្នុងកិច្ចប្រជុំ ដើម្បីកំណត់ថា តើការលុបចោលអាចធ្វើទៅបានឬអត់...? 

ជាគោលការណ៍ វាអាចធ្វើទៅបាន ប៉ុន្តែវាពាក់ព័ន្ធនឹងដំណើរការផ្លូវការ ហើយនឹងអាស្រ័យលើលក្ខខណ្ឌណាមួយដែលភ្ជាប់មកជាមួយ។ នេះបើតាមសម្តីអគ្គលេខាធិការនៃក្រុមប្រឹក្សារដ្ឋថៃ។ នៅពេលសួរថា បន្ទាប់ពីការលុបចោល MoU៤៤ តើប្រទេសទាំង២នឹងត្រូវធ្វើកិច្ចពិភាក្សាដើម្បីព្រាងច្បាប់ថ្មី ឬទេ...? លោក ប៉ាកន លើកឡើងថា វានឹងអាស្រ័យលើអ្វីដែលភាគីទាំង២បានព្រមព្រៀងគ្នា ថាតើពួកគេនឹងចាប់ផ្តើមពីដំបូង និងកំណត់ច្បាប់មូលដ្ឋានថ្មី ឬយ៉ាងណា? ជុំវិញរឿងរ៉ាវនេះ មនុស្សជាច្រើនយល់ឃើញថា នេះគឺជាយុទ្ធសាស្ត្របង្កប់ដោយផែនការចង់លេបត្របាក់យកដែនទឹកកម្ពុជា ដែលមានធនធានរ៉ែប្រេង ខណៈរាជរដ្ឋាភិបាលថៃកំពុងប្រើប្រាស់បញ្ហា MoU ៤៤ ជាឈ្នាន់ការពារខ្លួនពីកំហឹងប្រជាជនក្នុងស្រុក ដែលកំពុងរិះគន់រឿងការបោះឆ្នោតគ្មានតម្លាភាព និងគ្មានយុត្តិធម៌។ នេះបង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ថា ថៃតែងតែយកបញ្ហាព្រំដែន សង្គ្រាមឈ្លានពាន និងការគំរាមលុបចោលកិច្ចព្រមព្រៀងអន្តរជាតិ ធ្វើជាឧបករណ៍នយោបាយសម្រាប់របបរាជធានីបាងកកប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត