សភាថៃដាក់ឱសានវាទ៧ថ្ងៃឱ្យ គ.ជ.ប បកស្រាយរឿងសន្លឹកឆ្នោតមានបារកូដ និងឃ្យូអកូដ
ហៀប ស៊ីថេត
2 ថ្ងៃមុន

រាជធានីបាងកក៖ ការិយាល័យអ្នកតំណាងរាស្ត្រថៃ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាឱ្យគណៈកម្មការរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញមុខបំភ្លឺជាបន្ទាន់ ក្នុងរយៈពេល៧ថ្ងៃ នូវពាក្យបណ្តឹងអំពីបញ្ហាបារកូដ និងលេខកូដឃ្យូអ នៅលើសន្លឹកឆ្នោត...។

ការិយាល័យអ្នកតំណាងរាស្ត្រ បានបើកការស៊ើបអង្កេតយ៉ាងក្ដៅគគុក ក្រោយមានបណ្តឹងផ្អើលប្រទេស ថាលេខកូដសម្ងាត់ទាំងនោះអាចអនុញ្ញាតឱ្យគេដឹងអត្តសញ្ញាណអ្នកបោះឆ្នោតម្នាក់ៗ ថាបានគូសឱ្យគណបក្សមួយណា។ សកម្មភាពនេះ ត្រូវបានគេចាត់ទុកថា ជាការរំលោភសិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរ រំលោភលើមាត្រា៨៥នៃរដ្ឋធម្មនុញ្ញ និងមាត្រា៩៦នៃច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ បន្ទាប់ពីការបោះឆ្នោតកន្លងទៅថ្មីៗ ពាក្យបណ្តឹងចំនួន១២ករណី ត្រូវបានដាក់លើតុរួចជាស្រេច ដោយក្នុងនោះមានបណ្តឹងចំនួន៣ ត្រូវបានប្តឹងទៅកាន់តុលាការធម្មនុញ្ញដើម្បីកាត់សេចក្តី។ បន្ទាប់ពីទទួលបានការពន្យល់ពីគណៈកម្មការរៀបចំការបោះឆ្នោត អ្នកតំណាងរាស្ត្រនឹងសម្រេចថា តើមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីបញ្ជូនករណីនេះទៅតុលាការធម្មនុញ្ញដែរឬទេ...? 

សូមរំឭកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ភាពចម្រូងចម្រាសថ្មីមួយបានផ្ទុះឡើង និងរីករាលដាលពេញបណ្តាញសង្គមក្នុងប្រទេសថៃ ជុំវិញការរកឃើញវត្តមានបារកូដ (Barcode) និងQR Code នៅលើសន្លឹកឆ្នោត ដែលទទួលរងការរិះគន់យ៉ាងចាស់ដៃថា នេះជាឧបករណ៍តាមដានឆន្ទៈពលរដ្ឋ និងជាការរំលោភច្បាប់បោះឆ្នោតយ៉ាងធ្ងន់ធ្ងរបំផុត។ សន្លឹកឆ្នោតពណ៌ផ្កាឈូកមានលេខកូដឃ្យូអ នៅជ្រុងខាងស្តាំផ្នែកខាងលើ និងសន្លឹកឆ្នោតពណ៌បៃតងមាននៅជ្រុងខាងឆ្វេងផ្នែកខាងក្រោម។ លេខកូដទាំងនោះ ហាក់ដូចជាលេខស៊េរីអក្សរក្រម និងលេខកូដ៨ខ្ទង់ ដែលគេសង្ស័យថា កូដទាំងនេះ អាចកំណត់អត្តសញ្ញាណអ្នកបោះឆ្នោតម្នាក់ៗបាន។ ទន្ទឹមនឹងបណ្តាញក្រុមនិស្សិតថៃ បើកយុទ្ធនាការបោះឆ្នោតដក គ.ជ.ប ក្រោយសង្ស័យមានភាពមិនប្រក្រតី ជុំវិញរឿងរ៉ាវនេះផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត