
សុខភាព៖ នៅពេលដែលសន្លាក់សឹក នៅដំណាលកាលទី៣ ឬទី៤ និងនៅពេលដែលថ្នាំលេប ឬថ្នាំចាក់ចូលសន្លាក់ជង្គង់ មិនទទួលបានប្រសិទ្ធភាព រំខានដល់ការដើរបម្លាស់ទីជារៀងរាល់ថ្ងៃរបស់អ្នកជំងឺ។ នោះនឹងមានការផ្លាស់ប្ដូរសន្លាក់ជង្គង់ទាំងស្រុង ដែលជាការវះកាត់យកផ្ទៃឆ្អឹងខ្ចី និងផ្នែកឆ្អឹងដែលខូចនៅក្នុងសន្លាក់ជង្គង់ចេញ ហើយជំនួសដោយសន្លាក់សិប្បនិម្មិត ដើម្បីកាត់បន្ថយការឈឺចាប់ និងធ្វើឱ្យសន្លាក់ជង្គង់មានមុខងារល្អឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ផេកមន្ទីរពេទ្យកាល់ម៉ែត...។

ដើមហេតុដែលបង្កឱ្យមានជំងឺសឹកសន្លាក់ ដូចជា៖ ធ្លាប់ដាច់សរសៃជង្គង់ (ACL ឬ PCL) ដោយមិនមានការហ្វឹកហាត់, ធ្លាប់ប៉ះទង្គិច ឬការបាក់ឆ្អឹងក្បាលជង្គង់ពីមុន, ធ្លាប់មានជំងឺរលាកសន្លាក់ឆ្លងរោគនៅជង្គង់, ធ្លាប់បែកទ្រនាប់ជង្គង់រ៉ាំរ៉ៃ, មានអាយុលើសពី៥០ទៅ៦០ឆ្នាំ, មានប្រវត្តិគ្រួសារមានជំងឺសឹកសន្លាក់ និងអ្នកដែលមានទម្ងន់ធ្ងន់, អ្នកធ្វើការលើករបស់ធ្ងន់ៗយូរ និងមនុស្សស្រីក្រោយពីអស់រដូវ។ ចំពោះរោគសញ្ញារួមមាន៖ ស្វិតសាច់ដុំភ្លៅ, ឮសូរក្រិកក្រឹក ឈឺពេលបត់លាជង្គង់, គាំងសន្លាក់ ដោយបត់លាមិនអស់ ពិសេសគាំងនៅពេលព្រឹក, ជង្គង់វៀចកោងខុសពីទ្រង់ទ្រាយធម្មតា និងឈឺពេញក្នុងជង្គង់ ពេលកម្រើកដើរជាន់ច្រើន និងបាត់ឈឺនៅពេលសម្រាកវិញ។ ប្រសិនបើមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមរួសរាន់ មកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីទទួលការព្យាបាលឱ្យមានប្រសិទ្ធភាព។

គួរជ្រាបថា អាហារជាច្រើនអាចបន្ធូរបន្ថយការរលាក និងអាចជួយបន្ថយការឈឺចាប់សន្លាក់ដូចជា៖ ១.ផ្លែប៊ឺរី៖ ផ្លែប៊ឺរីមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយត្រូវបានគេបង្ហាញថា កាត់បន្ថយការរលាក និងធ្វើឱ្យប្រសើរឡើងនូវរោគសញ្ញានៃជំងឺរលាកសន្លាក់។ ២.ខ្ទឹមស៖ អ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានខ្ទឹមសប្រចាំថ្ងៃ អាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ជង្គង់ និងកាត់បន្ថយការឈឺចាប់ និងការរលាក។ ៣.ខ្ញី៖ ខ្ញីអាចកាត់បន្ថយការឈឺចាប់ និងរោគសញ្ញារលាកពីជំងឺរលាកសន្លាក់ឆ្អឹង ដោយសារវារារាំងប្រូតេអ៊ីនមួយចំនួន ដែលអាចជំរុញឱ្យប្រព័ន្ធភាពស៊ាំមានប្រតិកម្មចំពោះជំងឺរលាក។ ៤.ទំពាំងបាយជូ៖ ទំពាំងបាយជូរមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងមានសមាសធាតុដែលអាចជួយកាត់បន្ថយការរលាក។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាបន្ថែមជាមួយមនុស្ស គឺត្រូវការជាចាំបាច់។

៥.Walnut៖ ផ្លែ Walnut មានអាស៊ីតខ្លាញ់អូមេហ្គា៣ខ្ពស់ ដែលអាចកាត់បន្ថយរោគសញ្ញារលាកសន្លាក់។ ទោះយ៉ាងណាក៏ដោយ គេត្រូវការការស្រាវជ្រាវបន្ថែម។៦.ត្រីខ្លាញ់៖ ត្រីខ្លាញ់ មានអាស៊ីតខ្លាញ់អូមេហ្គា៣ និងវីតាមីន D ខ្ពស់ ដែលសារធាតុទាំងពីរនេះ មានប្រយោជន៍សម្រាប់កាត់បន្ថយការរលាក និងភាពធ្ងន់ធ្ងរនៃរោគសញ្ញានៃជំងឺរលាកសន្លាក់។ ៧.ស្ពៃខ្មៅ៖ ស្ពៃខ្មៅសម្បូរនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុរុក្ខជាតិជាច្រើន រួមទាំង kaempferol អាចកាត់បន្ថយការរលាក។ ៨.ផ្កាខាត់ណាខៀវ៖ គឺជាអាហារផ្តល់សុខភាពបំផុតមួយ។ វាថែមទាំងអាចជាប់ទាក់ទងនឹងការថយចុះនៃការរលាក។ ផ្កាខាត់ណាខៀវផ្ទុកសារធាតុ sulforaphane អាចមានលក្ខណៈសម្បត្តិ ប្រឆាំងនឹងការរលាក៕



