តើការដើរ ១ម៉ឺនជំហានក្នុងមួយថ្ងៃ ផ្តល់ប្រយោជន៍អ្វីខ្លះដល់យើង?
ហៀប ស៊ីថេត
30 ធ្នូ 2024 01:30 AM

សុខភាព៖ លំហាត់ប្រាណគឺជាវិធីសាស្ដ្រដ៏ល្អបំផុតមួយដើម្បីរក្សាសុខភាពឱ្យបានល្អ និងធ្វើឱ្យរាងកាយមាំមួន។ មានវិធីសាស្ដ្រ និងរបៀបជាច្រើននៃលំនាំហាត់ប្រាណដើម្បីទទួលបានសុខភាពល្អ ខណៈការដើរក៏ជាវិធីសាស្ដ្រដ៏ល្អ និងមានប្រសិទ្ធភាពមួយផងដែរសម្រាប់់អ្នកហាត់ប្រាណ។ ដូច្នេះ អ្នកទាំងអស់ធ្លាប់ឆ្ងល់ទេ...! តើនឹងមានរឿងអ្វីកើតឡើង ប្រសិនយើងដើរ ១ម៉ឺនជំហានក្នុងមួយថ្ងៃ...? ថ្ងៃនេះ SBM News នឹងជម្រះពិភាល់ និងមន្ទិលទាំងអស់ជូនអ្នកទាំងអស់គ្នា។

ជាការពិតណាស់ ការដើរពិតជាសំខាន់ណាស់សម្រាប់សុខភាព ខណៈការដើរបាន ១ម៉ឺនជំហានគឺស្មើនឹងប្រហែល ៨គីឡូម៉ែត្រ។ ទន្ទឹមគ្នានេះ ការស្រាវជ្រាវថ្មីៗបញ្ជាក់បង្ហាញពីអត្ថប្រយោជន៍ជាច្រើនដែលសម្រេចបានមកពីការដើរ។ សកម្មនេះនឹងធ្វើឱ្យអារម្មណ៍កាន់តែប្រសើរឡើង ពីព្រោះការដើរបានបញ្ចេញអរម៉ូនអង់ដូហ្វីនធ្វើឱ្យអារម្មណ៍ប្រសើរឡើង និងកាត់បន្ថយភាពតានតឹង ស្ត្រេស និងការធុញថប់។ ជាពិសេសធ្វើឱ្យសុខភាពផ្លូវចិត្តរបស់យើងកាន់តែរឹងមាំ ចៀសឆ្ងាយពីជំងឺធ្លាក់ទឹកចិត្ត។ លើសពីនេះ ការដើរទៀងទាត់ក៏ជួយបង្កើនមុខងារនៃការយល់ដឹង និងការចងចាំផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ការដើរក៏ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ និងរាងកាយរឹងមាំ ខណៈការដើរផ្តល់អត្ថប្រយោជន៍ដល់សុខភាពសន្លាក់ ជាពិសេសសម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់ជង្គង់ ឬឈឺជង្គង់ជាដើម។ បន្ថែមលើនេះ ការ​ដើរ​អាច​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ជួយ​ឱ្យ​រាង​កាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ និង​ជំងឺផ្សេងៗ។ ជាងនេះទៀត ការដើរក៏ជួយដល់ការសម្រកទម្ងន់ផងដែរ។ បើទោះបីជាការដើរ មិនសូវខ្លាំងដូចការរត់ក៏ដោយ ក៏មានប្រសិទ្ធភាពបង្កើនការដុតជាតិកាឡូរី ជួយគ្រប់គ្រងទម្ងន់ និងសម្រកទម្ងន់ផងដែរ។ ការដើរច្រើនជំហានបែបនេះបានអំណោយផលយ៉ាងខ្លាំងដល់សមត្ថភាពសួត ព្រោះវាអាចអនុញ្ញាតឱ្យមានអុកស៊ីសែនកាន់តែច្រើនក្នុងការដកដង្ហើម និងការបញ្ចេញ-បញ្ចូលខ្យល់អុកស៊ីសែនក្នុងសួត។

គួរបញ្ជាក់ថា ការដើរគឺជាវិធីសាស្ដ្រដ៏មានប្រសិទ្ធភាពក្នុងការជំនួយដល់ចលនាសាច់ដុំ និងលំហូរចរន្តឈាមបានល្អ ជាពិសេសកាត់បន្ថយភាពតានតឹង ធ្វើឱ្យអារម្មណ៍ប្រសើរឡើង បង្កើនភាពស្វាហាប់ បន្ថយសម្ពាធឈាម និងរក្សាកម្រិតកូឡេស្តេរ៉ុល ជួយការពារភាពធាត់ ធ្វើឱ្យឆ្អឹងរឹងមាំ។ សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។ ដូច្នេះ តស់! ចាប់ផ្តើមហាត់ប្រាណទាំងអស់គ្នាដើម្បីទទួលបានសុខភាពល្អ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត