​ស្ត្រីដែលចូលចិត្តហាត់ប្រាណ អាចជួយខ្លួនឯងបង្ការមិនឱ្យមានជំងឺ​មហារីក​៣ប្រភេទ
S
Sreyleak Yith
23 កញ្ញា 2025 07:00 AM

សុខភាព៖ បើ​និយាយ​ដល់​ជំងឺ​មហារីក ​នរណា​ក៏​ខ្លាច នរណា​ក៏​បារម្ភ​ដែរ ជាពិសេសស្ត្រីៗ ប៉ុន្តែលោកអ្នក​​​ដឹង​ទេ ​ជំងឺ​មហារីក​៣ប្រភេទដែលកើតមានលើស្ត្រី​​អាចបង្ការ​បាន​ដោយគ្រាន់តែធ្វើការ​ហាត់​ប្រាណ...។

១.ជំងឺ​មហារីក​សុដន់​៖ ការ​សិក្សា​មួយ​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ស្រាវ​ជ្រាវ​ជំងឺ​មហារីក​សុដន់​ បាន​ឱ្យដឹង​ថា​ ស្ត្រី​មាន​ប្រ​វត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​នេះ​រហូត​ដល់​២៥​ភាគ​រយ បើ​សិន​ជា​បាន​ហាត់​ប្រាណ​ជា​ប្រចាំ​២០​នាទី​ក្នុង​មួយ​ថ្ងៃ និង​រក្សា​របៀប​របប​រស់​នៅ​ល្អ​។ ដូច​គ្នា​ដែរ​សម្រាប់​ស្ត្រីក្រោយ​អស់​រដូវ បាន​ហាត់​ប្រាណ​បែប​ប្រើ​កម្លាំង​ខ្លាំងៗ ក៏​បាន​ធ្វើ​ឱ្យមាន​ការ​ប្រែប្រួល​កម្រិត​​អ័រម៉ូន និង​ប្រូតេអ៊ីន ជា​លំដាប់ មានការថយ​ចុះ​អត្រា​ប្រឈម​កើត​ជំងឺ​មហារីក​សុដន់​ផងដែរ​។​​ ចំពោះ​ស្រី​ៗ​ដែល​មាន​ផ្ទុក​កោសិកា​បំប្លែង​ខ្លួន​ BRCA ដែល​អាច​បង្កឱ្យមាន​ហានិភ័យ​កើត​មហារីក​សុដន់​ ការ​សិក្សា​មួយ​ចំនួន​បាន​ណែ​នាំ​ថា ​ការ​ចាប់​ផ្ដើម​ហាត់​ប្រាណ​តាំង​ពី​វ័យ​ជំទង់ ជួយ​​​ពន្យារ​ការ​កើត​ជំងឺ​មហារីក​សុដន់ ប៉ុន្តែ​ថា​មិន​អាច​ការពារ​មិន​ឱ្យមាន​ការ​វិវត្ដ​នៃ​ជំងឺ​នោះ​ទេ​។

២.ជំងឺ​មហារីក​ស្រទាប់​ស្បូន​៖ ស្ត្រី​ដែល​បាន​ហាត់​ប្រាណ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​ច្រើន​ជាង​នេះ អាច​កាត់​បន្ថយ​ហានិភ័យ​​កើត ជំងឺ​មហារីក​ស្រទាប់​ស្បូន​ បាន​៣៤​ភាគ​រយ​​ ទាប​ជាង ​អ្នក​ដែល​មិន​សូវ​ហាត់​ប្រាណ​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​សកល​វិទ្យាល័យ​Yale។ ដូច​គ្នា​ដែរ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ​ស្រី​ៗ​មាន​សន្ទស្សន៍​មាស​រាង​កាយ(BMI)​ក្រោម​២៥ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្រទាប់​ស្បូន​៧៣​ភាគ​រយ ​ទាប​ជាង ​ស្ត្រី​មិន​សូវ​ហាត់​ប្រាណ និង​មាន​សន្ទស្សន៍​ម៉ាស​រាង​កាយ​លើស​ពី​២៥​។ ស្ត្រី​ដែល​មាន​សន្ទស្សន៍​ម៉ាស​រាង​កាយ​ខ្ពស់​ជាង​២៥ ត្រូវ​គេ​ចាត់​ទុក​ថា​លើស​ទម្ងន់​ហើយ ។ 

៣.មហារីក​ក្រពេញ​អូវែ​៖​ ​ភស្តុតាង​ជា​ច្រើន​បាន​បញ្ជាក់​ថា ​ការ​ហាត់​មាន​ទំនាក់​ទំនង​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​មហារីក​ក្រ​ពេញ​អូវែ​។ ការ​សិក្សា​រក​ឃើញ​ថា​ស្ត្រី​ហាត់​ប្រាណ​បែប​ប្រើ​កម្លាំង​ខ្លាំង​ៗ​ជា​ប្រចាំ​ ជួយកាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រ​ពេញ​អូវែ​រាល​ដាល បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្រី​មិន​ធ្វើ​សកម្មភាព​រាង​កាយ​​ទៀង​ទាត់​​៕​  ដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត