ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ទម្លាក់គ្រាប់បែកបំផ្ទុះស្ពានក្បែរច្រមុះថៃ
ហៀប ស៊ីថេត
2 ខែមុន

រាជធានីបាងកក៖ សន្តិសុខតាមបណ្តោយព្រំដែនថៃ-ភូមា ចាប់ផ្តើមរង្គោះរង្គើរកាន់តែខ្លាំង បន្ទាប់ពីក្រុមជនជាតិភាគតិចការ៉ែន បើកការវាយប្រហារបំផ្ទុះផ្តាច់ស្ពានមួយឆ្លងកាត់ទន្លេសាលវីន (Salween) ដែលមានចម្ងាយត្រឹមតែ៤៥គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនថៃ...។

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រភពព័ត៌មានពីកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការ៉ែន (KA) បានបង្ហាញពីស្ថានភាពនៅក្នុងរដ្ឋការ៉ែន ដោយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា កើតឡើងបន្ទាប់ពីយោធាភូមា រួមជាមួយកងទ័ពរំដោះជាតិប៉ាអូ (PNO) បានរុលទៅកាន់តំបន់ផាសុង (Phasong) កាលពីថ្ងៃទី១៥ ខែកុម្ភៈ។ យោធាភូមា និង​កងទ័ពរំដោះជាតិប៉ាអូ ជាង៥០០នាក់ បានទៅដល់តំបន់នោះ ហើយបានឡោមព័ទ្ធកងកម្លាំងការ៉ែន។ ការណ៍នេះ បានបណ្ដាលឱ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បណ្ដាលឱ្យកងទ័ពការ៉ែនដកថយ និងប្រមូលផ្តុំគ្នានៅខាងក្រៅតំបន់ផាសុង។

ដោយសារស្ថានការណ៍កាន់តែធ្ងន់ធ្ងរ កងទ័ពការ៉ែន បានសម្រេចចិត្តបំផ្ទុះស្ពានឆ្លងកាត់ទន្លេសាលវីន ដែលតភ្ជាប់ស្រុកផាសុង និងស្រុកម៉ែជេ) បំផ្លាញចោលទាំងស្រុង។ ប្រភពពីកងទ័ពការ៉ែនបានអះអាងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដើម្បីទប់ទល់កងទ័ពភូមា កុំឱ្យឈានចូលទៅមុខ ពោលគឺទៅកាន់ច្រាំងខាងកើតនៃទន្លេសាលវិន ដែលនៅជាប់នឹងព្រំដែនថៃក្នុងស្រុកឃុនយួម ខេត្តម៉ែហុងសុន មានចម្ងាយត្រឹមតែ ៤៥គីឡូម៉ែត្រពីព្រំដែនថៃ។ យោធាភូមា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងលើប្រព័ន្ធកាំភ្លើងធំ យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក ខណៈកងទ័ពការ៉ែន ក៏ទំនងជាមិនព្រឺដែរ ព្រោះពួកគេទើបតែប្រកាសឯករាជ្យ ហើយអាចផលិតអាវុធបានថែមទៀតផង ជាពិសេស គឺក្រុមប្រដាប់អាវុធមួយនេះ មានការគាំទ្រនៅពីក្រោយដោយយោធាថៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត