ក្រុមនិស្សិតថៃ បើកយុទ្ធនាការបោះឆ្នោតដក គ.ជ.ប ក្រោយសង្ស័យមានភាពមិនប្រក្រតី
N
Nary Vann
14 ម៉ោងមុន

រាជធានីបាងកក៖ រលកនៃកំហឹងយុវជនថៃ បានត្រឡប់មកកក្រើកតាមដងផ្លូវនៃរាជធានីបាងកកជាថ្មី ដោយនៅថ្ងៃអាទិត្យទី១៥ ខែកុម្ភៈនេះ ផេកហ្វេសប៊ុករបស់ក្រុម«រណសិរ្សរួបរួមធម្មសាស្ត្រ និងការតវ៉ា (United Front of Thammasat and Demonstration)» បានបង្ហោះសារអំពាវនាវឱ្យមហាជនចូលរួមក្នុងសកម្មភាព «បោះឆ្នោតប្រជាមតិក្រៅផ្លូវការ»។ គោលដៅចម្បងនៃយុទ្ធនាការនេះ គឺដើម្បីសួរចិត្តពលរដ្ឋចំៗថា៖«តើអ្នកយល់ព្រមឱ្យដកតំណែងសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ចេញឬទេ?»។

រូបភាព៖ The Nation
រូបភាព៖ The Nation

សកម្មភាពនេះ ដឹកនាំដោយ ថីរៈផាត់ សុភៈភិថៈផៃប៊ូន (ธีรภัทร ศุภพิทักษ์ไพบูลย์) ដែលបានរៀបចំឱ្យមានការបោះឆ្នោតសាកល្បងចាប់ពីម៉ោង៥ល្ងាច រហូតដល់ម៉ោង៧យប់ មុននឹងឈានទៅដល់ការរាប់សន្លឹកឆ្នោតភ្លាមៗនៅនឹងកន្លែង។ ចលនានេះមិនមែនកើតឡើងតែម្នាក់ឯងនោះទេ ប៉ុន្តែវាជាការរួមដៃគ្នារវាងអង្គការនិស្សិតមកពីសាកលវិទ្យាល័យធំៗជាច្រើនដូចជា សាកលវិទ្យាល័យជូឡាឡុងកន, សាកលវិទ្យាល័យធម្មសាស្ត្រ, សាកលវិទ្យាល័យរ៉ាមកាំហែង, សាកលវិទ្យាល័យក្សេតសាស្ត្រ និងសាកលវិទ្យាល័យស្រីនក្ខរីនវរ៉ូត ជាដើម ដែលសុទ្ធតែមានគោលជំហរប្រឆាំងនឹងភាពមិនប្រក្រតី នៃការបោះឆ្នោតដូចគ្នា។

រូបភាព៖ The Nation
រូបភាព៖ The Nation

ទន្ទឹមនឹងនោះ កាលពីល្ងាចថ្ងៃសៅរ៍ទី១៤ ខែកុម្ភៈម្សិលមិញ ក្រុមសកម្មជន «Thalu Gas» និងក្រុម«រាប់ឆ្នោតឡើងវិញនៅជលបុរី (Recount Chon Buri)» ក៏បានធ្វើការជួបជុំគ្នាតវ៉ាយ៉ាងខ្លាំងក្លា នៅមុខមជ្ឈមណ្ឌលសិល្បៈផងដែរ។ ពួកគេបានចោទប្រកាន់ថា ការបោះឆ្នោតកន្លងទៅមានភាពស្រពិចស្រពិល មិនតម្លាភាព និងបានដាក់សំណើឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅទូទាំងប្រទេស ដើម្បីស្តារទំនុកចិត្តលើប្រព័ន្ធប្រជាធិបតេយ្យ និងធានាថា ឆន្ទៈរបស់ម្ចាស់ឆ្នោតពិតជាត្រូវបានគោរពយ៉ាងពិតប្រាកដ។ ស្ថានភាពនេះ កំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើស្ថាប័នរៀបចំការបោះឆ្នោតរបស់ថៃ ខណៈមហាជនចាប់ផ្ដើមបង្ហាញការសង្ស័យកាន់តែខ្លាំង លើភាពត្រឹមត្រូវនៃលទ្ធផលឆ្នោត។

រូបភាព៖ The Nation
រូបភាព៖ The Nation

ការប្រើប្រាស់រូបភាពប្រជាមតិក្រៅផ្លូវការនេះ គឺជាយុទ្ធសាស្ត្រនយោបាយថ្មីមួយរបស់ក្រុមនិស្សិត ដើម្បីបង្ហាញឱ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធឃើញពីកម្រិតនៃភាពមិនពេញចិត្តរបស់ប្រជាពលរដ្ឋ ជាពិសេស យុវជនជំនាន់ថ្មីដែលចង់ឃើញការផ្លាស់ប្ដូរពិតប្រាកដ និងការបោះឆ្នោតដែលស្អាតស្អំ។ ក្រុមអ្នកតវ៉ា បានបញ្ជាក់ថា ប្រសិនបើគ្មានការឆ្លើយតបជាវិជ្ជមានណាមួយពីសំណាក់ គ.ជ.ប នោះទេ ពួកគេនឹងបន្តធ្វើសកម្មភាពតវ៉ាក្នុងទ្រង់ទ្រាយធំជាងនេះ ដើម្បីធានាថា គ្រប់សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋត្រូវបានរាប់ដោយភាពយុត្តិធម៌៕

រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត