
រាជធានីបាងកក៖ ស្ថានការណ៍សន្តិសុខនៅភាគខាងត្បូងប្រទេសថៃ បានឡើងកម្ដៅខ្លាំង បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកច្នៃចំនួន៧កន្លែងផ្សេងគ្នា កាលពីយប់ថ្ងៃទី១៤ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ...។

ការវាយប្រហារនេះ កើតឡើងនៅស្រុកចំនួនពីរ គឺ ស្រុកយីង៉ (ยี่งอ) ចំនួន៥កន្លែង និង ស្រុករៈង៉ែ (ระแงะ) ចំនួន២កន្លែង។ ការបំផ្ទុះនេះ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហាងទំនិញ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ប៉ុន្តែសំណាងល្អ មិនមានរបាយការណ៍អំពីមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ។ តាមការស៊ើបអង្កេតបឋម ក្រុមជនល្មើសបានបំបែកគ្នា ធ្វើសកម្មភាពជាបន្តបន្ទាប់ ចាប់តាំងពីម៉ោង១១យប់ថ្ងៃទី១៤ រហូតដល់ម៉ោង៥ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ។ នៅស្រុកយីង៉ គោលដៅវាយប្រហាររួមមាន ហាងជួសជុលម៉ូតូ ហាងលក់ទូរសព្ទដៃ ការិយាល័យបសុសត្វ ហាងជួសជុលទូរទស្សន៍ ហាងលក់អង្ករ និងលំនៅឋានពលរដ្ឋមួយកន្លែង។

ដោយឡែក នៅស្រុករៈង៉ែ គ្រាប់បែកបានផ្ទុះនៅមុខហាងលក់ទំនិញចាប់ហួយ និងនៅទល់មុខការិយាល័យអប់រំបឋមសិក្សាខេត្តនរាធិរាស (តំបន់៣)។ កម្លាំងផ្ទុះបានធ្វើឱ្យកញ្ចក់ហាងបែកខ្ទេចខ្ទី ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ត្រូវបានភ្លើងឆេះ ហើយកម្ទេចកម្ទីគ្រាប់បែកបានខ្ចាត់ខ្ចាយពេញដងផ្លូវ។ ភ្លាមៗ...ក្រោយកើតហេតុ កម្លាំងប៉ូលិស ទាហាន និងមន្ត្រីរដ្ឋបាលមូលដ្ឋាន បានឡោមព័ទ្ធតំបន់រងផលប៉ះពាល់ និងសម្របសម្រួលជាមួយក្រុមអ្នកជំនាញដោះមីន និងមន្ត្រីកោសល្យវិច័យ ដើម្បីចុះពិនិត្យកន្លែងកើតហេតុយ៉ាងល្អិតល្អន់។

អាជ្ញាធរបញ្ជាក់ថា បច្ចុប្បន្ន កំពុងធ្វើការត្រួតពិនិត្យរូបភាពពីកាមេរ៉ាសុវត្ថិភាព (CCTV) នៅគ្រប់ចំណុចកើតហេតុ ដើម្បីកំណត់អត្តសញ្ញាណក្រុមជនសង្ស័យ និងស្វែងរកអ្នកទទួលខុសត្រូវមកផ្ដន្ទាទោសតាមច្បាប់។ ហេតុការណ៍នេះ បានធ្វើឱ្យមានការព្រួយបារម្ភជាថ្មី អំពីសុវត្ថិភាពនៅតំបន់ព្រំដែនភាគខាងត្បូង ខណៈកងកម្លាំងសន្តិសុខ ត្រូវបានដាក់ឱ្យប្រុងប្រយ័ត្នខ្ពស់បំផុត៕


