
រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កំពុងមានវត្តមានលើទឹកដីអាម៉េរិក ដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្រៅពីការចាប់ដៃពង្រឹងកិច្ចសហការជាមួយគ្នា មេដឹកនាំកម្ពុជា អាចនឹងមានកិច្ចការដ៏សំខាន់មួយទៀត នោះគឺលបខ្សឹបដាក់ត្រចៀកមេដឹកនាំអាម៉េរិក ដើម្បីសុំទិញអាវុធទុកការពារខ្លួន...?

ហេតុអ្វី មេដឹកនាំកម្ពុជា អាចនឹងសុំទិញអាវុធអាម៉េរិក? ទី១.ការជួបគ្នាផ្ទាល់រវាងមេដឹកនាំប្រទេស ពិសេសមេដឹកនាំអាម៉េរិក មិនងាយកើតឡើងនោះទេ ដូច្នេះ មេដឹកនាំកម្ពុជា ប្រហែលជាមិនឱ្យឱកាសល្អនេះកន្លងផុតទៅឡើយ (បើចង់ទិញ គឺត្រូវប្រញាប់ទិញឱ្យហើយ)។ ទី២.ក្នុងកាលៈទេសៈនេះ ភាគរយច្រើន អាម៉េរិកអាចនឹងលក់ឱ្យ ពីព្រោះអាម៉េរិកខ្លួនឯង ជាអ្នកសម្រេចចិត្តដកកម្ពុជាចេញពីបញ្ជីហាមលក់អាវុធឱ្យ (មានន័យថា អាម៉េរិកចាប់ផ្តើមយល់ព្រមលក់អាវុធឱ្យកម្ពុជាវិញ)។ ហេតុផលទី៣ សំខាន់បំផុត គឺកម្ពុជា ត្រូវការអាវុធទំនើប និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារខ្លួន។ ឆ្លងកាត់សង្គ្រាមឈ្លានពាន២លើករបស់យោធាថៃ បានផ្តល់បទពិសោធជូរចត់ដល់កម្ពុជា ដែលចាំបាច់ត្រូវតែពង្រឹងខ្លួនផ្នែកអាវុធ និងយោធា។

យើងដឹងស្រាប់ហើយថា ថ្វីបើកម្ពុជា-ថៃយល់ព្រមផ្អាកសង្គ្រាមជាមួយគ្នាក្ដី តែសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា មិនទាន់ឈប់ទេ ដោយយោធាថៃ បានដាក់ទូកុងតឺន័រ ស្រាស់បន្លាលួស និងនៅឈរជើងកាន់កាប់ទាំងខុសច្បាប់លើតំបន់មួយចំនួនជាទឹកដីរបស់កម្ពុជា។ ម្យ៉ាងទៀត យោធាថៃ អាចនឹងបង្កសង្គ្រាមលើកម្ពុជាឡើងវិញ នៅពេលណាមួយក៏ថាបាន (ស្ថានភាពនៅផុយស្រួយ មិនទាន់អាចទុកចិត្តបាន)។

យ៉ាងណាក៏ដោយ ការទិញលក់អាវុធ មានភាពតឹងរ៉ឹង និងឆ្លងកាត់នីតិវិធីច្រើន គឺមិនដូចយើងទិញទំនិញធម្មតាភ្លាម បានភ្លាមនោះទេ។ ជាពិសេស ការស្នើសុំទិញអាវុធធំៗ ដូចជា ប្រព័ន្ធការពារដែនអាកាស និងយន្តហោះចម្បាំង ជាដើម ច្បាស់ជាតម្រូវឱ្យមានការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងត្រូវការពេលកាន់តែច្រើន។

ក្រៅពីការស្នើសុំទិញអាវុធ តើមេដឹកនាំកម្ពុជានៅមានឱកាសអ្វីផ្សេងទៀត? គឺឱកាសប្រាប់ការពិតអំពីការរំលោភបំពានរបស់ថៃមកលើកម្ពុជា ទៅកាន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក រួមទាំងមេដឹកនាំផ្សេងទៀត នៅក្នុងអង្គប្រជុំក្រុមប្រឹក្សាសន្តិភាព។ មេដឹកនាំកម្ពុជា ក៏អាចនឹងស្នើសុំឱ្យមេដឹកនាំទាំងនោះ ជួយតាមដានមើលស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ ជាពិសេស ការប៉ុនប៉ងរបស់ភាគីថៃ ក្នុងការបង្កសង្គ្រាមសាជាថ្មីនៅពេលណាមួយ។

នៅមុនកិច្ចប្រជុំនេះមកដល់ មេដឹកនាំកម្ពុជា បានផ្តល់បទសម្ភាសដល់សារព័ត៌មាន Reuters ថា យោធាថៃ កំពុងកាន់កាប់តំបន់មួយចំនួនរបស់កម្ពុជា ក្រោយការប្រយុទ្ធគ្នា នៅចុងឆ្នាំ២០២៥ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពផ្តួចផ្តើមបង្កើតឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ។ ជាមួយគ្នា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើទៅថៃ ត្រូវហ៊ានអនុញ្ញាតឱ្យគណៈកម្មការព្រំដែន (JBC) ទាំងសងខាង ចុះធ្វើកិច្ចការងារតាមតំបន់ព្រំដែនដែលមានជម្លោះ។

ជារួម ក្នុងដំណាក់កាលនេះ កម្ពុជា ពិតជាត្រូវការអាវុធដែលអាចការពារខ្លួនបាន។ កម្ពុជា មិនអាចជឿតែទៅលើក្រដាសកិច្ចព្រមព្រៀងឡើយ។ បើកម្ពុជា ខ្សោយផ្នែកយោធា និងអាវុធនោះ កិច្ចព្រមព្រៀងក្នុងក្រដាស មិនអាចមានភាពរឹងមាំនោះទេ ដោយយោធាថៃ អាចនឹងគំរាមបង្កសង្គ្រាម ឬក៏អាចឈានដល់ការធ្វើសង្គ្រាមពិតប្រាកដម្ដងទៀត។ កុំភ្លេចឱ្យសោះថា សង្គ្រាម២ដងក្នុងឆ្នាំ២០២៥ សុទ្ធតែថៃជាអ្នកចាប់ផ្តើមមុនទាំងអស់ (ហេតុផលចម្បង ក៏ព្រោះថៃ អាងខ្លួនខ្លាំងជាងកម្ពុជា)៕



