
រាជធានីឡុងដ៍៖ នៅក្នុងយុគសម័យដែលរបត់ភូមិសាស្ត្រនយោបាយកំពុងតានតឹងខ្លាំង រាជរដ្ឋាភិបាលអង់គ្លេស បានប្រកាសការវិនិយោគគម្រោងយក្សមួយលើវិស័យការពារជាតិ ដោយចំណាយថវិកាជាង៤០០លានផោន ឬជាង៥០០លានដុល្លារអាម៉េរិក ក្នុងឆ្នាំនេះ សម្រាប់ការអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង៥ដង ឬអាវុធប្រភេទ hypersonic ជាអាវុធដែលអាចវាយប្រហារបានឆ្ងាយ លឿន និងចំគោលដៅជាក់លាក់។ ការវិនិយោគនេះ មិនត្រឹមតែជាការបង្កើនថវិកាការពារជាតិដ៏ធំបំផុតតាំងពីចុងសង្គ្រាមត្រជាក់មកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការពង្រឹងសម្ព័ន្ធភាពយោធាអឺរ៉ុប ដើម្បីទប់ទល់នឹងការគំរាមកំហែងពីរុស្ស៊ី ចិន និងការក្រឡុកពិភពលោកឡើងវិលក្បុងពីសំណាក់សហរដ្ឋអាម៉េរិកផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ រាជរដ្ឋាភិបាលអង់គ្លេស កំពុងពន្លឿនកិច្ចសហការជាមួយសម្ព័ន្ធមិត្តសំខាន់ៗនៅអឺរ៉ុប រួមទាំង៖ បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ដើម្បីចាប់ដៃគ្នាអភិវឌ្ឍអាវុធដ៏ទំនើបនេះ ដែលអាចផ្លាស់ប្ដូរនិយមន័យសង្គ្រាមសម័យទំនើបបាន។ ចក្រភពអង់គ្លេស កំពុងដំណើរការកម្មវិធី Stratus ជាមួយបារាំង និងអ៊ីតាលី ដែលផ្តោតការអភិវឌ្ឍលើមីស៊ីលបំបាំងកាយជំនាន់ថ្មី ដើម្បីជំនួសតំណែងមីស៊ីល Storm Shadow។ កម្មវិធី Stratus កំពុងអភិវឌ្ឍទាំងប្រភេទមីស៊ីលបំបាំងកាយ និងមីស៊ីលល្បឿនលឿនសំឡេង អាចហោះទៅកម្ទេចគោលដៅបានជាក់លាក់ បំផ្លាញនាវាសត្រូវឱ្យលិចចូលមកហាសាគរត្រឹមមួយរំពេច និងអាចធ្វើឱ្យប្រព័ន្ធការពារដែនអាកាស និងរ៉ាដារបស់សត្រូវក្លាយជាទីងម៉ោង។

ក្នុងពេលតំណាលគ្នានេះ កម្មវិធីអាវុធរយៈចម្ងាយឆ្ងាយថ្មីរបស់ចក្រភពអង់គ្លេស ជាមួយប្រទេសអាល្លឺម៉ង់ ក៏កំពុងដំណើរការយ៉ាងឆាប់រហ័ស ជាមួយនឹងដំណាក់កាលសិក្សារួមគ្នាថ្មីមួយដែលនឹងចាប់ផ្តើម ដោយបង្កើនល្បឿនផលិតទាំងមីស៊ីលបំបាំងកាយ និងមីស៊ីលល្បឿនលឿនជាងសំឡេងដូចគ្នា។ ដំណើរការនេះ គឺស្របតាមកិច្ចព្រមព្រៀង Trinity House របស់ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២៤។ ប្រព័ន្ធមីស៊ីលថ្មីនេះ ត្រូវបានគេស្គាល់ថា «Deep Precision Strike» អាចហោះទៅកម្ទេចសត្រូវបានចម្ងាយជាង២០០០គីឡូម៉ែត្រ ហើយវាស្ថិតក្នុងចំណោមប្រព័ន្ធមីស៊ីលទំនើបបំផុតមិនធ្លាប់មាន ដែលត្រូវបានរចនាឡើងដោយចក្រភពអង់គ្លេស។ មីស៊ីលនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅក្នុងទសវត្សរ៍ឆ្នាំ២០៣០។ សព្វាវុធរយៈចម្ងាយឆ្ងាយបែបនេះ មានសារសំខាន់ក្នុងការការពារចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តអឺរ៉ុប និងធ្វើឱ្យណាតូកាន់តែខ្លាំងថែមមួយកម្រិតទៀតផងដែរ។

សូមជម្រាបថា ការវិនិយោគដ៏ច្រើនសម្បើមរបស់អង់គ្លេស លើអាវុធទំនើបនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ពោលគឺមិនត្រឹមតែការពារខ្លួនឯង និងសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនតួនាទីរបស់អង់គ្លេសឱ្យកាន់តែខ្លាំងក្នុងការរក្សាសន្តិភាពអឺរ៉ុប ស្របពេលសម្ព័ន្ធមួយនេះ កំពុងតែពឹងផ្អែកលើទំនើបកម្មការពារជាតិដោយខ្លួនឯង ព្រោះមិនចង់ពឹងច្រមុះអាម៉េរិកដកដង្ហើម។ ទោះជាយ៉ាងណា នេះក៏ជាសញ្ញានៃការប្រកួតប្រជែងអាវុធសកល ដែលអាចនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងផងដែរ។ ផ្តោតលើកំពែងការពារជាតិ ចក្រភពអង់គ្លេស ប្តេជ្ញាចំណាយលើវិស័យការពារជាតិរហូតដល់ ២,៦ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ចាប់ពីឆ្នាំ២០២៧ ដើម្បីធានាថា ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តមានសុវត្ថិភាព៕




