
រាជធានីតូក្យូ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃា ស្តាមឺ បានបញ្ចប់ទស្សនកិច្ចរយៈពេលខ្លីនៅរាជធានីតូក្យូ កាលពីថ្ងៃទី៣១ ខែមករា ដោយបានព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណា តាកៃឈី ក្នុងការពង្រឹងទំនាក់ទំនងការពារជាតិ និងសន្តិសុខសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ...។

ជំហាននេះ កើតឡើងភ្លាមៗបន្ទាប់ពីលោក ស្តាមឺ បានទៅដល់ប្រទេសចិន ជាសកម្មភាពមួយទាក់ទាញការរិះគន់ និងរងការព្រមានពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក ស្តាមឺ បានសង្កត់ធ្ងន់ថា អង់គ្លេស និងជប៉ុន គឺជាសេដ្ឋកិច្ចឈានមុខគេក្នុងតំបន់ប៉ាស៊ីហ្វិក ហើយការកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំ គឺជាអាទិភាពចម្បង ដើម្បីធានាសន្តិសុខរួមទាំងនៅតំបន់អឺរ៉ូ-អាត្លង់ទិច និងឥណ្ឌូ-ប៉ាស៊ីហ្វិក។ ជាលទ្ធផល ប្រទេសទាំងពីរបានព្រមព្រៀងរៀបចំកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិនៅក្នុងឆ្នាំនេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា រួមទាំងគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ថ្មី ដែលអង់គ្លេស និងជប៉ុន កំពុងសហការជាមួយអ៊ីតាលីផងដែរ។

ចំណុចសំខាន់មួយទៀតនៃកិច្ចពិភាក្សា គឺ«សន្តិសុខសេដ្ឋកិច្ច» ជាពិសេស ការពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗ។ បញ្ហានេះ បានក្លាយជាកង្វល់បន្ទាន់ បន្ទាប់ពីប្រទេសចិនដែលជាអ្នកផលិតរ៉ែកម្រធំជាងគេលើលោក បានដាក់កំហិតលើការនាំចេញ ដែលអាចប៉ះពាល់ដល់ការផលិតតាំងពីរថយន្តអគ្គិសនី រហូតដល់គ្រាប់មីស៊ីល។ លោកស្រី តាកៃឈី ក៏បានបង្ហាញបំណងចង់ជជែកអំពីបញ្ហាសមុទ្ទចិនខាងត្បូង, ស្ថានការណ៍នៅមជ្ឈិមបូព៌ា, និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនផងដែរ។ ដំណើរទស្សនកិច្ចរបស់លោក ស្តាមឺ ទៅកាន់រដ្ឋធានីប៉េកាំង និងរាជធានីតូក្យូ ឆ្លុះបញ្ចាំងពីការប៉ុនប៉ងរបស់មេដឹកនាំលោកខាងលិច ក្នុងការស្វែងរកស្ថិរភាពសេដ្ឋកិច្ច ចំពេលគោលនយោបាយរបស់អាម៉េរិកក្រោមរដ្ឋបាល លោក ត្រាំ កាន់តែមានភាពមិនច្បាស់លាស់ និងពោរពេញដោយការគំរាមកំហែងផ្នែកពន្ធដារ៕



