ត្រាំ ព្រមានអង់គ្លេសជុំវិញទំនាក់ទំនងជាមួយចិន ខណៈលោក ស្តាមឺ អបអរវឌ្ឍនភាពនៅប៉េកាំង
N
Nary Vann
2 ថ្ងៃមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗទៅកាន់ចក្រភពអង់គ្លេស ថា វាជារឿងដ៏គ្រោះថ្នាក់បំផុត ក្នុងការបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន...។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ខណៈនាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃា ស្តាមឺ កំពុងស្ថិតក្នុងរដ្ឋធានីប៉េកាំង ដើម្បីអបអរសាទរចំពោះលទ្ធផលនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ច ដែលទទួលបានពីការកំណត់ឡើងវិញនូវទំនាក់ទំនងជាមួយប្រទេសចិន ដែលនឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងមហាសាល។ លោក ស្តាមឺ បានលើកឡើងថា កិច្ចពិភាក្សារយៈពេល៣ម៉ោងជាមួយប្រធានាធិបតី ស៊ី ជិនពីង គឺជាជំហានដ៏វិជ្ជមានក្នុងការកសាងទំនាក់ទំនងបែបចាស់ទុំ និងទំនុកចិត្តទៅវិញទៅមក នាំមកនូវផលប្រយោជន៍ជាក់ស្តែងដូចជា ការសម្រួលដល់ការធ្វើដំណើរដោយមិនបាច់ប្រើទិដ្ឋាការ និងការកាត់បន្ថយពន្ធលើការនាំចូលស្រា Whisky របស់អង់គ្លេសជាដើម។

លោក ឃា ស្តាមឺ និងលោក ស៊ី ជីនពីង
លោក ឃា ស្តាមឺ និងលោក ស៊ី ជីនពីង

លើសពីនេះ ដំណើរទស្សនកិច្ចនេះ ក៏បានទាក់ទាញគម្រោងវិនិយោគធំៗ ដូចជាគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនរថយន្តចិន Chery នៅក្នុងទីក្រុងលីវើភូល Liverpool ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុករបស់អង់គ្លេសយ៉ាងខ្លាំងក្លា។ ការព្រមានរបស់លោក ត្រាំ មិនមែនជារឿងចៃដន្យឡើយ ព្រោះកាលពីសប្តាហ៍មុន លោកក៏បានគំរាមដាក់ពន្ធលើប្រទេសកាណាដាផងដែរ បន្ទាប់ពីនាយករដ្ឋមន្ត្រី ម៉ាក ខានី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច ជាមួយចិន។ លោក ត្រាំ ខ្លួនឯង ក៏មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងខែមេសាខាងមុខនេះដែរ ប៉ុន្តែលោកហាក់មិនពេញចិត្តឡើយ នៅពេលដែលឃើញសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន នាំគ្នាទៅចរចាជាមួយរដ្ឋធានីប៉េកាំងមុនរូបលោក។

មុនពេលចាកចេញទៅកាន់ទីក្រុងស៊ាងហៃ លោក ស្តាមឺ បានបញ្ជាក់ប្រាប់ក្រុមធុរជនថា កិច្ចប្រជុំដ៏កក់ក្ដៅជាមួយលោក ស៊ី ជិនពីង គឺជាវឌ្ឍនភាពពិតប្រាកដដែលនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ ដល់សេដ្ឋកិច្ចចក្រភពអង់គ្លេស។ សម្រាប់អង់គ្លេស ការរឹតចំណងជាមួយមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីររបស់ពិភពលោក គឺជាយុទ្ធសាស្ត្រចាំបាច់ ដើម្បីជំរុញកំណើនក្នុងស្រុក បើទោះបីជាត្រូវប្រឈមមុខនឹងភាពមិនច្បាស់លាស់ នៃគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ ក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត