
រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ «SIAL PARIS 2026» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ Paris Nord Villepinte នារដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៧កុម្ភៈ...។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាពិព័រណ៍អាហារ និងភេសជ្ជៈធំបំផុតលំដាប់ពិភពលោក ដែលដើរតួនាទីសំខាន់ក្នុងការតាំងបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ ការផ្ដល់ឱកាសដល់ការបង្កើនបណ្តាញទំនាក់ទំនង និងការស្វែងយល់ពីនិន្នាការថ្មីៗក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។ ព្រឹត្តិការណ៍នេះ ត្រូវបានបែងចែកជា៨ផ្នែក ដោយក្នុងផ្នែកនីមួយៗផ្តោតសំខាន់លើវិស័យផ្សេងៗគ្នា ពាក់ព័ន្ធនឹងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្នុងនោះរួមមាន៖ អាហារកែច្នៃ អាហារឆ្អិនស្រាប់ គ្រឿងផ្សំ គ្រឿងទេស នំចំណី បង្អែម ភេសជ្ជៈ ផលិតផលទឹកដោះគោ ផលិតផលសរីរាង្គ និងកសិផលជាដើម។

តាមរយៈពិព័រណ៍នេះ ក្រសួងស្នើឱ្យពាណិជ្ជករ ផលិតករវិនិយោគិន និងសាធារណជន ដែលមានបំណងចង់ចូលរួមតាំងបង្ហាញនូវផលិតផលទំនិញជាអាហារ និងភេសជ្ជៈនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ទាក់ទងទៅនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។ ក្រសួងសង្ឃឹមថា ពាណិជ្ជករ ផលិតករ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងចាប់យកឱកាសដើម្បីអភិវឌ្ឍន៍អាជីវកម្ម និងពង្រីកសកម្មភាពវិនិយោគ៕



