អន្តររដ្ឋមន្ត្រី៖ ផ្ទះថ្មីក៏ធ្វើជូនពលរដ្ឋភៀសសឹក ដីដែលថៃព័ទ្ធយកក៏បន្តទាមទារដូចគ្នា
អុន សម្ផស្ស
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ ការផ្ដល់ជម្រក ឬផ្ទះបណ្តោះអាសន្នដល់ពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន គឺមិនមែនមានន័យថា រាជរដ្ឋាភិបាលកម្ពុជា បោះបង់សិទ្ធិទាមទារទឹកដីដែលកងកម្លាំងថៃ កំពុងកាន់កាប់ដោយខុសច្បាប់នោះទេ។ នេះជាការលើកឡើងរបស់មេសិទ្ធិមនុស្ស និងអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦...។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា 
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា 

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន​ថា ​រាជរដ្ឋាភិបាល​កម្ពុជា ​កំពុង​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់​ ដើម្បី​ទាមទារ​ទឹក​ដី​ពី​ទាហាន​ថៃ​វិញ ​​ ហើយ​ការ​សាងសង់​ផ្ទះ​ជូន​ជនភៀសសឹក​ស្នាក់​នៅ​ក៏​មិន​មែន​ជា​ការ​ទទួល​ស្គាល់​ចំពោះ​ការ​បាត់​បង់​ទឹក​ដី​ដែរ។ ក្នុងន័យនេះ លោក សង្កត់ធ្ងន់ថា៖«ការដែលសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែងទេ[..] តែផ្ទុយទៅវិញ ទឹកដីផ្ទះសម្បែងត្រូវតែតវ៉ាយកមកវិញ ហើយការរស់នៅរបស់បងប្អូន យើងត្រូវតែគិតគូរឱ្យបានមុនរដូវវស្សាមកដល់»។ ទោះជាយ៉ាងណា លោកបានទាញការចាប់អារម្មណ៍ថា ការទាមទាររបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនជារឿងលេងសើច ហើយត្រូវការប្រើរយ:ពេលខ្លី ឬប្រើពេលមួយសប្តាហ៍ ឬមួយខែបានទេ។ 

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល 
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល 

ហាក់មិនខុសគ្នា លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសេចក្ដីថ្លែងការណ៍នៃការធ្វើ«បច្ចុប្បន្នភាពស្ដីពីការវិវត្តស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃអង្គារទី១៧កុម្ភៈនេះ បានប្រកាសថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ចំពោះមុខប្រជាពលរដ្ឋរួចហើយថា«រាជរដ្ឋាភិបាលដាច់ខាតមិនបោះបង់សិទ្ធិទាមទារទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នោះឡើយ» ហើយរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការងារយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា និងដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន។ 

គួរជ្រាបថា ចាប់​តាំង​ពី​ថៃ​បាន​បើក​ការ​ឈ្លាន​ពានកម្ពុជា ក្នុង​ឆ្នាំ​២០២៥ ថៃបានគ្រប់គ្រងលើ​ទឹក​ដី​កម្ពុជា​ចំនួន​១៤ទីតាំងក្នុងខេត្តជាប់ព្រំដែន។ ស្ថានភាពនេះ ពលរដ្ឋកម្ពុជា ប្រមាណជាង៧ម៉ឹននាក់ មិនទាន់អាចវិលទៅលំនៅឋានវិញ ហើយត្រូវបន្តស្នាក់នៅជំរំសុវត្ថិភាព គិតត្រឹមថ្ងៃទី១៧កុម្ភៈនេះ។ ក្នុងគ្រាដ៏លំបាកនេះ រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​សាងសង់​ជម្រក​បណ្ដោះ​អាសន្ន​ជូន​ជន​ភៀស​សឹកឱ្យ​បាន​ហើយ ​មុន​រដូវវស្សាឆ្នាំ២០២៦ ចូលមកដល់៕

<br />

រូបភាពឯកសារ(ពលរដ្ឋកម្ពុជាភៀសសឹកកំលុងពេលសង្គ្រាមក្នុងខែធ្នូឆ្នាំ២០២៥)
រូបភាពឯកសារ(ពលរដ្ឋកម្ពុជាភៀសសឹកកំលុងពេលសង្គ្រាមក្នុងខែធ្នូឆ្នាំ២០២៥)
រូបភាពឯកសារ(ពលរដ្ឋកម្ពុជាភៀសសឹកកំលុងពេលសង្គ្រាមក្នុងខែធ្នូឆ្នាំ២០២៥)
រូបភាពឯកសារ(ពលរដ្ឋកម្ពុជាភៀសសឹកកំលុងពេលសង្គ្រាមក្នុងខែធ្នូឆ្នាំ២០២៥)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត