
រាជធានីភ្នំពេញ៖ ថៃហាក់ដូចជាចង់ដឹងខ្លាំងណាស់ ថាតើ ក្នុងដំណើរទស្សនកិច្ចនៅក្រៅប្រទេសនាពេលនេះ មេដឹកនាំកម្ពុជា ជួបនរណាខ្លះ និយាយអ្វី មានបេសកកម្មដូចម្តេច និងទទួលបានលទ្ធផលយ៉ាងណា។ ការចង់ដឹងចង់ឮខុសធម្មតាបែបនេះ ក៏បង្ហាញឱ្យឃើញដែរថា ថៃហាក់កំពុងព្រួយបារម្ភពីអ្វីម្យ៉ាង ចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅក្រៅប្រទេស។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា កំពុងមានវត្តមានលើទឹកដីអាម៉េរិក ត្រៀមចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលនឹងប្រព្រឹត្តទៅជាផ្លូវការ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្រោយចេញពីអាម៉េរិក សម្តេចនឹងបន្តដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសមួយចំនួនទៀតក្នុងសហភាពអឺរ៉ុប។

«ក្រសួងការបរទេសថៃ កំពុងតាមដានមើលយ៉ាងដិតដល់ចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានៅបរទេស» នេះជាការអះអាងរបស់លោក សីហស័ក្តិ ភួងកេតកែវ រដ្ឋមន្រ្តីការបរទេសថៃនៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯវិមានរាជរដ្ឋាភិបាល នាថ្ងៃទី១៧ ខែកុម្ភៈនេះ ហើយត្រូវបានស្រង់យកទៅចុះផ្សាយដោយកាសែត The Nation។ លោក សីហស័ក្តិ សង្កត់ធ្ងន់ថា ជាពិសេស គឺភាគីថៃនឹងតាមមើលតាមស្តាប់ ថាតើមេដឹកនាំកម្ពុជា នឹងនិយាយអ្វីខ្លះអំពីបញ្ហាព្រំដែនកម្ពុជា-ថៃនៅលើឆាកអន្តរជាតិ។

បើតាមសម្តីលោក សីហស័ក្តិ ដដែល ថៃ ក៏នឹងតាមដានមើលពីជំនួបរវាងមេដឹកនាំកម្ពុជា និងលោកប្រធានាធិបតីអាម៉េរិកដែរ។ ថៃ មិនបានទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពឡើយ (ប្រហែលមិនទទួលបានការអញ្ជើញពីលោក ត្រាំ)។ ខុសពីកម្ពុជាដែលបានសម្រេចចិត្តចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពរួចហើយនោះ ថៃនៅស្ទាក់ស្ទើរ ដោយលើកហេតុផលថា រង់ចាំបង្កើតរាជរដ្ឋាភិបាលឱ្យបានជាផ្លូការសិន ទើបសម្រេចចិត្តចូល ឬមិនចូលតាមក្រោយ។

លោកមើលឃើញថា មេដឹកនាំកម្ពុជា ផ្សារភ្ជាប់ការទូតជាមួយបរទេស គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយបរទេសទាំងនោះ ដូច្នេះ ថៃត្រូវប្រយ័ត្នប្រយែង ដោយត្រូវតាមដានស្ថានការណ៍គ្រប់ពេល។ មិនមែនត្រឹមតែតាមឃ្លាំមើលដំណើរទស្សនកិច្ចនៅក្រៅប្រទេសប៉ុណ្ណឹងទេ រដ្ឋមន្រ្តីការបរទេសថៃ លើកឡើងថា សូម្បីសំណើរបស់កម្ពុជា ស្នើសុំឯកសារប្រវត្តិសាស្រ្តពីបារាំងសម្រាប់យកមកដោះស្រាយជម្លោះព្រំដែន ក៏ថៃកំពុងតាមដានមើលដូចគ្នា។

សូមជម្រាបត្រង់កន្លែងនេះបន្តិចថា មេដឹកនាំកម្ពុជា ពិតជាបានស្នើសុំឯកសារប្រវត្តិសាស្រ្ត និងឯកសារពាក់ព័ន្ធផ្សេងៗ ហើយលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក៏បានបង្ហាញឆន្ទៈក្នុងការផ្តល់ឱ្យដែរ។ ហេតុអ្វីថៃត្រូវតាមមើលរឿងនេះ? គេដឹងរួចមកហើយថា ថៃខ្លាចឯកសារច្បាប់ និងឯកសារប្រវត្តិសាស្រ្តបន្សល់ទុកពីបារាំងខ្លាំងណាស់។ ថៃដឹងច្បាស់ថា បើយកឯកសារពីបារាំងមកដោះស្រាយ ខ្លួននឹងមិនអាចកេងចំណេញទឹកដីពីកម្ពុជាបានឡើយ ហេតុដូច្នេះ ទើបបានជាថៃចេះតែតវ៉ាឡើងត្រណាត់ត្រណែងខុសរបៀប ចង់ប្រើផែនទី ឬឯកសារបង្កើតឡើងដោយខ្លួនឯងផ្ទាល់ ដែលគ្មានប្រទេសណាមួយ ធ្លាប់អនុវត្ត ឬធ្វើបែបនេះទាល់តែសោះ៕



