
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៥កុម្ភៈ បានប្រកាសបដិសេធសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការពន្យារពេលអនុវត្តតាមកម្រិតកំណត់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ បន្ទាប់ពីសន្ធិសញ្ញាដែលបានគ្រប់គ្រងអាវុធប្រល័យលោកអស់រយៈពេលជាង២ទសវត្សរ៍មួយនេះ ឈានដល់ថ្ងៃផុតកំណត់...។

ការបដិសេធនេះ ធ្វើឡើងក្នុងគោលបំណងចង់ឱ្យមានសន្ធិសញ្ញាដែលទំនើប និងប្រសើរជាងមុន និងអាចរួមបញ្ចូលទាំងប្រទេសចិនផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋធានីប៉េកាំង បានបន្តបដិសេធមិនចូលរួមក្នុងកិច្ចចរចានេះឡើយ។ តាមរយៈបណ្តាញសង្គម Truth Social លោក ត្រាំ បានរិះគន់សន្ធិសញ្ញា New START ចុះហត្ថលេខាកាលពីសម័យលោក បារ៉ាក់ អូបាម៉ា ថាជាកិច្ចព្រមព្រៀងធ្វើឡើងដោយការចរចាដ៏អន់បំផុត និងត្រូវបានគេរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ជាពិសេស បន្ទាប់ពីលោក ពូទីន បានសម្រេចចិត្តបញ្ឈប់ការត្រួតពិនិត្យដល់ទីកន្លែង កាលពីឆ្នាំ២០២៣ ដោយយកលេសថា អាម៉េរិកគាំទ្រអ៊ុយក្រែន។ លោកបានសរសេរថា៖«ជំនួសឱ្យការបន្តពន្យារសន្ធិសញ្ញា New START យើងគួរតែឱ្យអ្នកជំនាញនុយក្លេអ៊ែររបស់យើង ចាប់ផ្ដើមធ្វើការលើសន្ធិសញ្ញាថ្មីមួយ ដែលត្រូវបានកែលម្អ និងធ្វើឱ្យទំនើបកម្ម ដែលអាចអនុវត្តបានយូរអង្វែងទៅអនាគត»។

ការលើកឡើងនេះ គឺជាការឆ្លើយតបទៅនឹងសំណើរបស់លោក ពូទីន ដែលចង់ឱ្យភាគីទាំងពីររក្សាការកំណត់ក្បាលគ្រាប់ត្រឹម១៥៥០គ្រាប់ និងប្រព័ន្ធដឹកជញ្ជូន (មីស៊ីល យន្តហោះ និងនាវាមុជទឹក) ចំនួន៧០០គ្រឿង រយៈពេលមួយឆ្នាំទៀត។ ចំណែកអ្នកនាំពាក្យសេតវិមាន លោកស្រី ខារ៉ូឡាញ លីវីត (Ms.Karoline Leavitt) បានបញ្ជាក់ថា មកទល់ពេលនេះ មិនទាន់មានការព្រមព្រៀងណាមួយរវាងវ៉ាស៊ីនតោន និងម៉ូស្គូ ក្នុងការបន្តអនុវត្តតាមលក្ខខណ្ឌនៃសន្ធិសញ្ញាចាស់ ដែលផុតកំណត់នោះឡើយ។ទោះបីជាស្ថានភាពជុំវិញសន្ធិសញ្ញា New START ស្ថិតក្នុងភាពទាល់ច្រកក៏ដោយ ក៏លោក ដូណាល់ ត្រាំ នៅតែបន្តជំរុញទំនាក់ទំនងការទូតជាមួយរុស្ស៊ីយ៉ាងសកម្ម។ កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាម៉េរិកបានប្រកាសបន្តកិច្ចសន្ទនាយោធាជាមួយរុស្ស៊ីឡើងវិញ បន្ទាប់ពីមានកិច្ចពិភាក្សាត្រីភាគីនៅក្នុងទីក្រុងអាប៊ូដាប៊ី ស្តីពីសង្គ្រាមនៅអ៊ុយក្រែន។

ចំណាត់ការនេះ បានបង្ហាញពីបំណងរបស់លោក ត្រាំ ក្នុងការប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោក ពូទីន ដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរ និងសន្តិសុខសកល ដែលកំពុងតែមានភាពរកាំរកូសខ្លាំងបំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ៕


