រុស្ស៊ីដាក់ឱសានវាទប្រើវិធានការយោធាតបត ចំពោះការប៉ុនប៉ងពង្រីកឥទ្ធិពលយោធានៅហ្គ្រីនឡែន
N
Nary Vann
12 កុម្ភៈ 2026 04:15 AM

រដ្ឋធានីមូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គី ឡាវរ៉ូវ កាលពីថ្ងៃទី១១ ខែកុម្ភៈ បានចេញមុខព្រមានចំៗថា រុស្ស៊ីនឹងចាត់វិធានការយោធាតបត ប្រសិនបើបណ្ដាប្រទេសលោកខាងលិច បង្កើនវត្តមានយោធារបស់ខ្លួននៅហ្គ្រីនឡែន...។

លោក សឺហ្គី ឡាវរ៉ូវ
លោក សឺហ្គី ឡាវរ៉ូវ

ការព្រមាននេះ កើតឡើងបន្ទាប់ពីប្រទេសអឺរ៉ុបមួយចំនួនបានបញ្ជូនកងទ័ពតូចៗទៅកាន់ដែនដីនេះ ដើម្បីឆ្លើយតបនឹងការអះអាងដដែលៗរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលចង់បញ្ចូលកោះអាកទិកមួយនេះ ជាទឹកដីរបស់សហរដ្ឋអាម៉េរិក។ លោក ឡាវរ៉ូវ បានថ្លែងទៅកាន់សមាជិកសភាវិមានក្រឹមឡាំងថា៖«ជាការពិតណាស់ ក្នុងករណីដែលមានការធ្វើប្រតិបត្តិការយោធានៅហ្គ្រីនឡែន និងការបង្កើតសមត្ថភាពយោធាក្នុងគោលដៅប្រឆាំងនឹងរុស្ស៊ី យើងនឹងចាត់វិធានការឆ្លើយតបឱ្យបានសមស្រប រួមទាំងវិធានការបច្ចេកទេសយោធាផងដែរ»។ លោកបន្ថែមថា សហរដ្ឋអាម៉េរិក ដាណឺម៉ាក និងហ្គ្រីនឡែន គួរតែដោះស្រាយបញ្ហានេះដោយខ្លួនឯង ហើយលោកក៏បានចោទប្រកាន់ប្រទេសដាណឺម៉ាកថា បានប្រព្រឹត្តមកលើប្រជាជនហ្គ្រីនឡែនដូចជាប្រជាពលរដ្ឋលំដាប់ទីពីរ។

កាលពីខែមុន លោក ត្រាំ ហាក់ដូចជាបានដកថយបន្តិចពីការគំរាមរឹបអូសហ្គ្រីនឡែនបន្ទាប់ពីលោកនិយាយថា បានសម្រេចកិច្ចព្រមព្រៀងក្របខ័ណ្ឌ ជាមួយប្រមុខអង្គការណាតូ លោក ម៉ាក រូដ ដើម្បីធានាឱ្យមានឥទ្ធិពលអាម៉េរិកកាន់តែខ្លាំងនៅទីនោះ។ មុននេះ លោក ត្រាំ ធ្លាប់បានព្រមានថា ប្រសិនបើសហរដ្ឋអាម៉េរិកមិនកាន់កាប់ហ្គ្រីនឡែនទេ នោះរុស្ស៊ី ឬចិន នឹងធ្វើវាមិនខាន។ ទោះជាយ៉ាងណា ខាងរដ្ឋាភិបាលហ្គ្រីនឡែន ដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាក និងមានប្រជាជនប្រហែល៥៧០០០នាក់ បានបញ្ជាក់យ៉ាងច្បាស់ថា «អធិបតេយ្យភាព និងបូរណភាពទឹកដី» គឺជាខ្សែបន្ទាត់ក្រហម ដែលមិនអាចរំលោភបាន នៅក្នុងកិច្ចពិភាក្សាណាមួយជាមួយរដ្ឋធានីវ៉ាស៊ីនតោន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត