លោក អ៊ុំ រាត្រី ប្រាប់ទូតអង់គ្លេស ថៃព័ទ្ធយកភូមិចំនួន៦ និងកម្ទេចផ្ទះជាង២ពាន់ខ្នងនៅបន្ទាយមានជ័យ
អុន សម្ផស្ស
21 ម៉ោងមុន

ក្រុងសិរីសោភ័ណ៖ ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ យោធាថៃ បានដាក់ទូកុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធ បន្តគ្រប់គ្រងទាំងកម្រោលលើទឹកដីកម្ពុជា។ និយាយដោយឡែកតែក្នុងខេត្តបន្ទាយមានជ័យ ភូមិចំនួន៦ ត្រូវក្រុមយោធាថៃព័ទ្ធយកកាន់កាប់ដោយខុសច្បាប់ រួមទាំងកម្ទេចផ្ទះពលរដ្ឋជាង២ពាន់ខ្នង។ នេះជាការអះអាងរបស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ប្រាប់ទៅកាន់លោកទូតអង់គ្លេសប្រចាំកម្ពុជា..។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងជំនួបជាមួយ លោក ដូមីនីក វិលលៀមស៍ ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។ 
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងជំនួបជាមួយ លោក ដូមីនីក វិលលៀមស៍ ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។ 

អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងទាំងឈឺចាប់ប្រាប់ទៅកាន់ លោក ដូមីនីក វិលលៀមស៍ ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២៦ អំពីស្ថានភាពភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងផលប៉ះពាល់ពីព្រឹត្តិការណ៍ផ្ទុះអាវុធនាពេលកន្លងមក។ ជម្លោះថៃឈ្លានពានកម្ពុជា បណ្ដាលឱ្យមានការខូចខាតលំនៅឋានពលរដ្ឋ ខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ផ្លូវ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ទីតាំងអាជីវកម្ម ទីអារាមសាសនា និងផ្ទៃដីលំនៅឋាន ដីកសិកម្មជាដើម​ ។ល។ របាយការណ៍ពីក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃជាមួយគ្នា ពលរដ្ឋកម្ពុជាជាង៨ម៉ឺននាក់ ភាគច្រើនជាស្ត្រី និងកុមារ នៅតែមិនទាន់អាចត្រឡប់ទៅលំនៅឋានខ្លួនវិញបាន ទោះបីជាកម្ពុជា-ថៃ ផ្អាកប្រយុទ្ធគ្នាអស់រយៈពេលជាង១ខែទៅហើយក្តី។

ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជា បង្ហាញក្តីព្រួយបារម្ភចំពោះការផ្ទុះអាវុធនៅតាមព្រំដែននាពេលកន្លងមក ដែលបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ ផ្ទះសំបែង ភូមិឋាន ហើយពលដ្ឋត្រូវបានជម្លៀសចេញពីលំនៅឋាន ដើម្បីទៅរកទីតាំងសុវត្ថិភាព។ លោកទូតលើកឡើងបន្ថែមថា ក្រោយពីបានចុះពិនិត្យមើលជាក់ស្តែង តាមជំរំជនភៀសសឹក លោកគាំទ្រលើវិស័យអប់រំ សម្រាប់កុមារភៀសសឹក ដែលមានការរៀបចំថ្នាក់រៀនបណ្តោះអាសន្នជូនដល់កុមារបានរៀនសូត្រ ហើយឃើញពលរដ្ឋរស់នៅទីនោះ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាខ្លាំង។ ក្នុងនាមស្ថានទូតអង់គ្លេសប្រចាំកម្ពុជា លោកគាំទ្រឱ្យកម្ពុជា-ថៃ រក្សាសន្តិភាព គោរពនូវបទឈប់បាញ់ ស្វែងរកគ្រប់មធ្យោបាយ និងគាំទ្រឱ្យកម្ពុជាមានសន្តិភាព ជាពិសេសពលរដ្ឋភៀសសឹកឆាប់បានវិលត្រលប់ទៅលំនៅឋានវិញ។

លោក ដូមីនីក វិលលៀមស៍ ឯកអគ្គរដ្ឋទូតចក្រភពអងគ្លេសប្រចាំកម្ពុជា
លោក ដូមីនីក វិលលៀមស៍ ឯកអគ្គរដ្ឋទូតចក្រភពអងគ្លេសប្រចាំកម្ពុជា

ដោយឡែក ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ លោកទូតបង្ហាញការចាប់អារម្មណ៍ និងសង្កេតឃើញថា ក្នុងប្រទេសថៃ មានទីតាំងឆបោកតាមអនឡាញជាច្រើនកន្លែង។ ទន្ទឹមនោះ លោកទូត ក៏បានសាទរចំពោះរាជដ្ឋាភិបាលកម្ពុជា ដែលបានបើកប្រតិបត្តិការបង្ក្រាប ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ បានជាបន្តបន្ទាប់ ព្រមទាំងបង្ហាញការយល់ឃើញថា កម្ពុជាជាប្រទេសរងគ្រោះដោយបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត