អានុទីន មិនត្រឹមតែចង់ហែក MoU ចោលតាមចិត្តទេ ថែមទាំងបើកភ្លើងខៀវឱ្យយោធាថៃទិញអាវុធបន្ថែម និងធ្វើរបង
ហៀប ស៊ីថេត
13 ម៉ោងមុន

រាជធានីបាងកក៖ ស្ថានការណ៍ព្រំដែនកំពុងស្ថិតក្នុងភាពផុយស្រួយរួចទៅហើយ ស្រាប់តែពេលនេះ អនុទីន ឆានវីរគុល បែរជាបើកដៃឱ្យកងទ័ពទិញសព្វាវុធបន្ថែម និងសង់របងនៅតាមបន្ទាត់ព្រំដែនបន្ថែមទៀត។ កាន់តែគឃ្លើន អនុទីន បានបញ្ជាក់នៅថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២៦នេះ ថា ការលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬ MoU៤៤ អាចធ្វើទៅបានតាមរយៈអំណាចរបស់គណៈរដ្ឋមន្ត្រី ដោយមិនចាំបាច់ឆ្លងកាត់ការយល់ព្រមពីសភាឡើយ...។

លោក អនុទីន ឆានវីរគុល
លោក អនុទីន ឆានវីរគុល

អ្នកសារព័ត៌មានបានចោទសួរថា តើការសាងសង់របងព្រំដែននឹងផ្តល់ទំនុកចិត្តដល់សាធារណជនដែរឬទេ? លោក អានុទីន ឆ្លើយថា៖«បាទ..ប្រាកដណាស់! នេះរួមបញ្ចូលទាំងការពង្រឹងអាវុធ និងសមត្ថភាពរួមរបស់កងទ័ព ដែលខ្ញុំបានអនុម័តជាគោលការណ៍រួចហើយ។ ចូរបន្តនីតិវិធីទៅចុះ!»។ សម្តី អានុទីន ពេលនេះ បង្ហាញផងដែរពីការយករបងព្រំដែន ធ្វើជាខែលបិទបាំងមហិច្ឆតាអំណាចយោធាឈ្លានពានរបស់ខ្លួន និងកំណត់ព្រំដែនដោយឯកតោភាគី។ លើសពីនេះ ការបង្កើនអាវុធក្នុងពេលដែលពិភពលោកកំពុងចង់បានសន្តិភាព គឺជាភស្តុតាងបង្ហាញយ៉ាងប្រត្យក្សថា ថៃមិនដែលចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងតម្លាភាពជាមួយកម្ពុជានោះឡើយ។

ចំពោះសំណួរថា តើមានការកំណត់ពេលវេលាសម្រាប់ការសិក្សាលើការលុបចោល MoU៤៤ ដែរឬទេ...? លោក អានុទីន លើកឡើងថា លោកបានណែនាំឱ្យក្រសួងការពារជាតិ ក្រុមប្រឹក្សាសន្តិសុខជាតិ និងក្រសួងការបរទេស បន្តនីតិវិធីលើរឿងនេះហើយ។ លោកក៏បានបន្ថែមផងដែរថា មិនមានការកំណត់ពេលវេលាជាក់លាក់ទេ ហើយរាជរដ្ឋាភិបាលនឹងធ្វើតាមច្បាប់។ ប្រសិនបើរាជរដ្ឋាភិបាលថ្មី ឡើងកាន់អំណាច គួរតែលុបចោល MoU នោះ ភ្លាមៗ។ នៅពេលគេសួរម្ដងទៀតថា តើគណៈរដ្ឋមន្ត្រីអាចលុបចោលបានភ្លាមៗដែរឬទេ? លោក អានុទីន ឆ្លើយថា៖«បាទ..គួរតែអាច! វាមិនចាំបាច់ឆ្លងកាត់សភាទេ ព្រោះវាគ្រាន់តែជា MoU ប៉ុណ្ណោះ..!»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត