តើល្បែងនយោបាយជាតិនិយមរបស់អនុទីន អាចជោគជ័យ ឬបរាជ័យថ្ងៃបោះឆ្នោតសកលអាទិត្យនេះ?
N
Nary Vann
12 ម៉ោងមុន

រាជធានីបាងកក៖ នៅថ្ងៃអាទិត្យទី៨ ខែកុម្ភៈ ប្រជាជនថៃនឹងកំណត់ជោគវាសនានយោបាយរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ អនុទីន ឆានវីរកុល​​ ថាអាចបន្តតំណែង ឬក្លាយជាគណបក្សប្រឆាំង បន្ទាប់ពីសម្រេចរំលាយសភាបន្ទាន់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ការសម្រេចចិត្តរបស់អនុទីន ត្រូវបានគេមើលឃើញថា ជាល្បែងភ្នាល់នយោបាយដ៏គ្រោះថ្នាក់ ព្រោះប្រើប្រាស់ «ចរន្តជាតិនិយម» កើតចេញពីជម្លោះព្រំដែនជាមួយកម្ពុជា ដើម្បីពង្រឹងអំណាចខ្លួនឡើងវិញ។

កាលពីឆ្នាំ២០២៥ ការឈ្លានពានរបស់ថៃមកលើកម្ពុជា បានឈានដល់កម្រិតអាសន្នបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១៤៩នាក់ បាត់បង់ជីវិត។ ទោះបីជាបទឈប់បាញ់ត្រូវបានសម្រេចកាលពីចុងខែធ្នូក៏ដោយ ប៉ុន្តែឥទ្ធិពលនៃសង្គ្រាមនេះ បានក្លាយជាអាវុធនយោបាយដ៏សំខាន់សម្រាប់គណបក្សភូមិចៃថៃរបស់លោក អនុទីន។ នៅក្នុងយុទ្ធនាការឃោសនាចុងក្រោយនៅសួនលុម្ពិនី លោក អនុទីន បានប្រើសម្ដីវាយប្រហារធ្ងន់ៗ៖«ប្រសិនបើបងប្អូនចង់បាននាយករដ្ឋមន្ត្រីដែលកម្ពុជាជាអ្នកជ្រើសរើស សូមបោះឆ្នោតឱ្យបក្សផ្សេងទៅ! ប៉ុន្តែខ្ញុំជឿជាក់ថា រដ្ឋាភិបាលភូមិចៃថៃ គឺសម្រាប់ជនជាតិថៃ១០០%»។ នេះជាភាសាប្រជាភិថុតិដែល លោក អនុទីន ថ្ឡែងទៅកាន់អ្នកគាំទ្រខ្លួន។

ទោះបីជាមានការដុតបញ្ឆេះស្មារតីជាតិនិយម និងរាជានិយមយ៉ាងណាក៏ដោយ លទ្ធផលស្ទង់មតិបានបង្ហាញពីសញ្ញាផ្ទុយគ្នា។ គណបក្សប្រជាជន[ថៃ] ដឹកនាំដោយលោក ណាត់ថៈផុង រឿងបញ្ញាវុឌ្ឍ (ณัฐพงษ์ เรืองปัญญาวุฒิ) កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈសារនៃ«ការផ្លាស់ប្ដូរ និងការកែទម្រង់ស៊ីជម្រៅ» ដែលហាក់ដូចជាកំពុងវ៉ាដាច់ចរន្តជាតិនិយមរបស់លោក អនុទីន។ អ្នកគាំទ្របក្សនេះ ភាគច្រើនជាយុវជន និងអ្នកដែលចង់ឃើញប្រព័ន្ធនយោបាយថៃ ដើរតាមគន្លងប្រជាធិបតេយ្យទំនើប។ លោក អនុទីន ឡើងកាន់អំណាចមិនដល់១០០ថ្ងៃផង បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ។ លោកត្រូវបានបង្ខំឱ្យរំលាយសភា ដោយសារតែដឹកនាំរដ្ឋាភិបាលភាគតិចមិនមានស្ថិរភាព និងមានជម្លោះជាមួយបក្សប្រជាជន ជុំវិញការធ្វើប្រជាមតិកែប្រែរដ្ឋធម្មនុញ្ញ។

អ្នកវិភាគនយោបាយ លោក ធិតិនាន់ ពង្សសុទ្ធិរ័ក្ស (ฐิตินันท์ พงษ์สุทธิรักษ์) មកពីសាកលវិទ្យាល័យជូឡាឡុងកន បានលើកឡើងថា ទោះបីបទឈប់បាញ់ជាមួយកម្ពុជា បានធ្វើឱ្យចរន្តជាតិនិយមត្រជាក់ចុះបន្តិចក៏ដោយ ក៏លោក អនុទីន នៅតែត្រូវតោងជើងខោជាតិនិយម និងរាជានិយម ដើម្បីរក្សាកៅអីខ្លួនដែរ។ ក្រុមអ្នកជំនាញបារម្ភថា ទោះបីជាការបោះឆ្នោតបញ្ចប់ក៏ដោយ ក៏គ្មានគណបក្សណាមួយអាចឈ្នះអាសនៈភាគច្រើនដាច់ខាតដែរ។ នេះមានន័យថា សភាថៃអាចនឹងបន្តស្ថិតក្នុងសភាពបែកបាក់ និងជួបការលំបាកក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មី ដែលអាចនាំឱ្យប្រទេសថៃធ្លាក់ក្នុងវិបត្តិនយោបាយដដែលៗ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត