ដូណាល់ ត្រាំ៖ ក្រុមប្រឹក្សាសន្តិភាព សន្យាផ្តល់ជំនួយជាង៥ពាន់លានដុល្លារ សម្រាប់ស្ដារហ្គាហ្សាឡើងវិញ
N
Nary Vann
16 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើការប្រកាសតាមរយៈបណ្ដាញសង្គម Truth Social កាលពីថ្ងៃទី១៥ ខែកុម្ភៈថា បណ្ដាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាព នឹងរួមគ្នាបញ្ចេញកញ្ចប់ថវិកាជាង៥ពាន់លានដុល្លារអាម៉េរិក សម្រាប់កិច្ចការមនុស្សធម៌ និងការកសាងតំបន់ហ្គាហ្សាឡើងវិញ។

នៅក្នុងកិច្ចប្រជុំផ្លូវការលើកដំបូង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បថិ៍ទី១៩ ខែកុម្ភៈ ខាងមុខនេះ លោក ត្រាំ ក៏បានបង្ហើបថា បណ្ដាប្រទេសសមាជិក បានប្ដេជ្ញាចិត្តបញ្ជូនកម្លាំងបុគ្គលិករាប់ពាន់នាក់ ដើម្បីចូលរួមក្នុងកម្លាំងរក្សាសន្តិសុខដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងជួយបណ្ដុះបណ្ដាលប៉ូលិសក្នុងតំបន់ប៉ាលេស្ទីនផងដែរ។ កិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ នឹងត្រូវរៀបចំឡើងនៅឯវិទ្យាស្ថានសន្តិភាព ដូណាល់ ជេ ត្រាំ (Donald J. Trump Institute of Peace) ដែលទើបតែត្រូវបានក្រសួងការបរទេស ប្ដូរឈ្មោះថ្មីតាមឈ្មោះរបស់លោកប្រធានាធិបតី។

ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថា នឹងមានការចូលរួមពីប្រតិភូមកពីជាង២០ប្រទេស រួមទាំងប្រមុខរដ្ឋសំខាន់ៗផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមហាអំណាចក្នុងតំបន់មជ្ឈិមបូព៌ា រួមមាន៖ តួកគី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត កាតា និងអ៊ីស្រាអែល រួមទាំងប្រទេសឥណ្ឌូណេស៊ី បានសម្រេចចិត្តចូលរួមក្នុងក្រុមប្រឹក្សានេះរួចរាល់ហើយ។ ទោះជាយ៉ាងណា មហាអំណាចតាមតំបន់កំពុងបង្ហាញការគាំទ្រ ប៉ុន្តែបណ្ដាប្រទេសមហាអំណាចពិភពលោក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាម៉េរិក បែរជាបង្ហាញជំហរប្រុងប្រយ័ត្នខ្ពស់់ និងមិនទាន់ប្រញាប់ប្រញាល់ក្នុងការចូលរួមក្នុងយន្តការសន្តិភាពថ្មីរបស់លោក ត្រាំ នៅឡើយទេ ដោយសារភាពមន្ទិលលើតម្លាភាព និងរបៀបវារៈនយោបាយនៅពីក្រោយ។

គួររំលឹកផងដែរថា ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃផែនការបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ កាលពីខែតុលា ឆ្នាំមុន។ ទោះជាយ៉ាងណា ស្ថានភាពជាក់ស្ដែងនៅតែមានភាពផុយស្រួយបំផុត ដោយភាគីទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភកិច្ចព្រមព្រៀង។ កិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ នឹងក្លាយជាការសាកល្បងដ៏ធំមួយសម្រាប់លោក ដូណាល់ ត្រាំ ក្នុងការបង្ហាញថា តើក្រុមប្រឹក្សាសន្តិភាពរបស់លោក ពិតជាអាចនាំមកនូវស្ថិរភាពយូរអង្វែង ឬគ្រាន់តែជាល្បែងនយោបាយថ្មីមួយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត