
សហភាពអឺរ៉ុប៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) បានឆ្លុះបញ្ចាំងពីអារម្មណ៍នៃការផ្លាស់ប្ដូរដ៏ស៊ីជម្រៅ ក្នុងចំណោមមេដឹកនាំអឺរ៉ុប ដោយលោកស្រី លើកឡើងថា«ខ្សែបន្ទាត់ខ្លះ ត្រូវបានឆ្លងកាត់ ដែលមិនអាចត្រឡប់ថយក្រោយបានទៀតឡើយ»។

ទំនាក់ទំនងឆ្លងមហាសមុទ្ទអាត្លង់ទិច បានតានតឹងរួចទៅហើយ បន្ទាប់ពីការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ចូលទៅកាន់សេតវិមានវិញ ហើយគំនិតនៃការបញ្ចូលកោះទឹកកកហ្គ្រីនឡែន ឬហ្គ្រោអង់ឡង់ ទៅជាកម្មសិទ្ធិអាម៉េរិក កំពុងដាក់សញ្ញាសួរ(?) ទៅដល់សម្ព័ន្ធភាពអឺរ៉ុប និងអង្គការណាតូទាំងមូល។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ បាននិយាយថា អាម៉េរិកចង់ធ្វើការជាមួយអឺរ៉ុប ប៉ុន្តែលោកបានរិះគន់លើដំណើរនយោបាយនាពេលថ្មីៗនេះរបស់អឺរ៉ុប។ ទន្ទឹមគ្នានេះ មេដឹកនាំអឺរ៉ុបបានប្រកាសថា ពួកគេនឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងខែលការពារជាតិដោយខ្លួនឯង និងពឹងផ្អែកលើអាម៉េរិកឱ្យកាន់តែតិចបំផុត តាមដែលអាចធ្វើទៅបាន។

អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រីក មឺស៍ (Friedrich Merz), ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron), និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក គារ ស្តាមើរ (Keir Starmer) បានប្តេជ្ញាចិត្តចំពោះ«សសរស្តម្ភអឺរ៉ុប»ដ៏រឹងមាំមួយនៅក្នុងសម្ព័ន្ធអង្គការណាតូ ក្នុងការពង្រឹងវិស័យការពារជាតិដោយខ្លួនឯង ក៏ដូចជាជាយុទ្ធសាស្ត្រការពារហានិភ័យក្នុងករណីលោក ត្រាំ ឬមេដឹកនាំអាម៉េរិកនាពេលអនាគតសម្រេចចិត្តមិនការពារអឺរ៉ុប។ លោកស្រី វ៉ុនឌែរ ឡេយែន បានអះអាងថា ការចំណាយលើវិស័យការពារជាតិរបស់អឺរ៉ុប បានកើនឡើងជិត៨០ភាគរយ ចាប់តាំងពីមុនពេលសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្តើម ហើយប្រទេសអឺរ៉ុបកំពុងបង្កើតសម្ព័ន្ធភាពដើម្បីសាងសង់ប្រព័ន្ធអាវុធស្មុគស្មាញ។

រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និងស៊ុយអែត បានចុះហត្ថលេខាលើលិខិតមួយ ដើម្បីជំរុញការងារលើវិធីសាស្ដ្រវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អឺរ៉ុប (ELSA) ជាគម្រោងមួយដើម្បីអភិវឌ្ឍមីស៊ីលវាយប្រហារជ្រៅ ខណៈសម្ព័ន្ធភាពនៃប្រទេសអឺរ៉ុប បានយល់ព្រមធ្វើការរួមគ្នាលើគម្រោងចំនួន៤ រួមទាំងប្រព័ន្ធការពារមីស៊ីលផ្លោង និងគ្រាប់មីស៊ីលបាញ់ចេញពីអាកាស៕



