
រាជធានីភ្នំពេញ៖ កំលុងពេលរាជរដ្ឋាភិបាលអនុវត្តវិធានការក្ដៅកម្ចាត់«បទល្មើសឆបោកតាមអនឡាញ»ចេញពីប្រទេស ឥណ្ឌាតាមរយៈមន្ត្រីទូតប្រចាំកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានសម្ដែងក្ដីរីករាយ និងវាយតម្លៃខ្ពស់ លើចំណាត់ការដ៏មានប្រសិទ្ធភាពនេះ..។

លោក វ៉ាន់ឡាល់វ៉ាន់ណា បាវីតឡុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងក្នុងជំនួបជាមួយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយកត់សម្គាល់អំពីទំនាក់ទំនងប្រទេសទាំងពីរ កំពុងជំរុញការអភិវឌ្ឍ។ លោកមើលឃើញថា កម្ពុជា ជាប្រទេសមួយមានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចដ៏ឆាប់រហ័សក្នុងរយៈពេលខ្លី។ ព្រមជាមួយគ្នា លោកថ្លែងការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញវិធានការក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញទូទាំងប្រទេស ដោយអនុវត្តបានយ៉ាងល្អប្រសើរ។

លោកទូតរំឭកថា កន្លងមកក្រោមកិច្ចសហប្រតិបត្តិការ ស្ថានទូកឥណ្ឌា បានផ្តល់វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីទៅសិក្សានៅប្រទេសឥណ្ឌា។ មន្ត្រីនគរបាលកម្ពុជាមួយចំនួន ត្រូវបានបញ្ជូនទៅសិក្សាវគ្គបណ្ដុះបណ្ដាល វគ្គប្រឆាំងបទល្មើសអនឡាញ និងមន្ត្រីរាជការស្ថាប័នតុលាការទៅសិក្សាផ្នែកច្បាប់ផងដែរ។ បន្ថែមលើនេះ ចំពោះអាហាររូបករណ៍ដែលប្រទេសឥណ្ឌាបើកនៅចុងខែកុម្ភៈ លោកទូត សន្យានឹងខិតខំព្យាយាមផ្ដល់ជូនកន្លែងសម្រាប់និស្សិតមកពីខេត្តបន្ទាយមានជ័យ ជាពិសេស និស្សិតឆ្នើម ឱ្យទៅបន្តការសិក្សា។

លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការ ពិសេសផ្ដល់ដៃ-ជើងសិប្បនិម្មិត ជូនដល់ជូនពិការនៅខេត្តបន្ទាយមានជ័យ នាពេលកន្លងមក។ លោកអភិបាលខេត្ត ក៏បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត អំពីបញ្ហាតាមបន្ទាត់ព្រំដែន និងផលប៉ះពាល់ ពីសកម្មភាពថៃឈ្លានពានកម្ពុជា ទាំងពេលបច្ចុប្បន្ន និងផលប៉ះពាល់រយៈពេលយូរ ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បង្កជាហានិភ័យដល់ជីវិតមនុស្ស និងសត្វ។ លោក អ៊ុំ រាត្រី បញ្ជាក់ប្រាប់លោកទូតថា ផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នង ត្រូវបានបំផ្លាញ និងភូមិចំនួន៦ ត្រូវបានកងទ័ពថៃ ដាក់ទូរកុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធយកគ្រប់គ្រងទាំងកម្រោល ក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ កត្តាទាំងនេះធ្វើឱ្យពលរដ្ឋចំនួន៣ពាន់គ្រួសារ កំពុងបន្តស្នាក់ក្នុងមណ្ឌលសុវត្ថិភាព និងមួយចំនួនស្នាក់នៅផ្ទះសាច់ញាតិ រីឯព្រះសង្ឃ៤៤អង្គ បន្តគង់នៅវត្តផ្សេងៗដែលមានសុវត្ថិភាព៕




