
រដ្ឋធានីញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានប្រកាសផែនការចំណាយថវិកាជាតិក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងសុន្ទរកថា ស្ដីពីកញ្ចប់ថវិកាជាតិកាលពីថ្ងៃទី១ ខែកុម្ភៈ ផ្តោតលើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ការទិញនាវាមុជទឹក និងយន្តហោះចម្បាំងស៊េរីថ្មី...។

យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី នារម៉ាឡា ស៊ីថារ៉ាម៉ាន់ (Ms.Nirmala Sitharaman) ឥណ្ឌាគ្រោងនឹងចំណាយថវិកា១៣៣ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ និង៨៥ពាន់លានដុល្លារ លើវិស័យការពារជាតិ ដែលតួលេខនេះមានការកើនឡើងប្រមាណ៩ភាគរយ និង១៥ភាគរយរៀងគ្នា បើធៀបនឹងឆ្នាំមុន។ ការបង្កើនកញ្ចប់ថវិកាយោធានេះ កើតឡើងបន្ទាប់ពីមានជម្លោះប្រដាប់អាវុធរយៈពេល៤ថ្ងៃជាមួយគូសត្រូវចាស់គឺ ប៉ាគីស្ថាន កាលពីខែឧសភាឆ្នាំមុន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៧០នាក់បាត់បង់ជីវិត។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក រ៉ាជណាដ សីង្ហ (Mr.Rajnath Singh) បានពណ៌នាថា ការចំណាយនេះ គឺមិនធ្លាប់មានពីមុនមក ដែលនឹងជួយបំពាក់សម្ភារយោធាទំនើបៗដូចជា យន្តហោះគ្មានមនុស្សបើក, នាវាចម្បាំង, និងបច្ចេកវិទ្យាសំខាន់ៗដទៃទៀត។

បច្ចុប្បន្ន រដ្ឋធានីញូវដេលីកំពុងស្ថិតក្នុងកិច្ចចរចាលើកិច្ចសន្យាការពារជាតិជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអន្តរជាតិ រួមមាន៖ បារាំង សហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់។ ជាមួយគ្នា រដ្ឋាភិបាល ក៏បានប្រកាសផ្តល់ការគាំទ្រដល់វិស័យបច្ចេកវិទ្យាទំនើបៗ រួមមាន មជ្ឈមណ្ឌលទិន្នន័យ បញ្ញាសិប្បនិម្មិត (AI) និងការទាញយកកែច្នៃរ៉ែកម្រ ដែលសុទ្ធសឹងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចឌីជីថល។ ក្រៅពីការពង្រឹងអំណាចយោធា ប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើលោកមួយនេះ ចាត់ទុកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាគន្លឹះសំខាន់ក្នុងការរក្សាកំណើនសេដ្ឋកិច្ច ការជំរុញការផលិតក្នុងស្រុក និងបង្កើតការងាររាប់លានកន្លែងជូនពលរដ្ឋ។ នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានបញ្ជាក់ក្រោយការប្រកាសកញ្ចប់ថវិកានេះថា៖«ឥណ្ឌាមិនចង់ត្រឹមតែជាសេដ្ឋកិច្ចដែលរីកលូតលាស់លឿនបំផុតនោះទេ ប៉ុន្តែឥណ្ឌាចង់ក្លាយជាសេដ្ឋកិច្ចធំជាងគេទី៣ លើពិភពលោក។ កញ្ចប់ថវិកាឆ្នាំនេះ គឺជាផែនទីបង្ហាញផ្លូវនៃមហិច្ឆតា ដើម្បីផ្តល់កម្លាំងរុញច្រានដល់ការផលិតក្នុងស្រុក និងការពឹងផ្អែកលើខ្លួនឯង»៕


