ឥណ្ឌាសុខចិត្តដើរចេញពីអណ្តូងប្រេងរុស្ស៊ី ដើម្បីរើខ្លួនចេញពីនឹមពន្ធគយអាម៉េរិក
ហៀប ស៊ីថេត
2 ថ្ងៃមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលថ្ងៃចន្ទទី២ ខែកុម្ភៈ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា ដែលកាត់បន្ថយពន្ធរបស់សហរដ្ឋអាម៉េរិកលើទំនិញឥណ្ឌាពី៥០ភាគរយមកត្រឹម១៨ភាគរយ ជាថ្នូរឱ្យរដ្ឋធានីញូវដេលី ផ្អាកការទិញប្រេងពីរុស្ស៊ី និងកាត់បន្ថយរបាំងពាណិជ្ជកម្មជាមួយរដ្ឋធានីវ៉ាស៊ីនតោន...។

លោក ណារិន្ត្រា ម៉ូឌី (ឆ្វេង) និងលោក ដូណាល់ ត្រាំ
លោក ណារិន្ត្រា ម៉ូឌី (ឆ្វេង) និងលោក ដូណាល់ ត្រាំ

លោក ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការហៅទូរសព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិន្ត្រា ម៉ូឌី ដោយបានកត់សម្គាល់ថា ឥឡូវនេះឥណ្ឌានឹងទិញប្រេងពីសហរដ្ឋអាម៉េរិក និងប្រទេសវេណេស៊ុយអេឡា ដែលមានសក្តានុពលវិញម្ដង។ លោក ត្រាំ បន្ថែមថា លោក ម៉ូឌី ក៏បានប្តេជ្ញាចិត្តក្នុងការទិញទំនិញអាម៉េរិកក្នុងកម្រិតខ្ពស់មួយ បន្ថែមពីលើការទិញថាមពលជាង៥០០ពាន់លានដុល្លារអាម៉េរិក រួមទាំងធ្យូងថ្ម បច្ចេកវិទ្យា កសិកម្ម និងផលិតផលផ្សេងៗទៀត។ លោកបានសង្កត់ធ្ងន់ថា​៖«​[ឥណ្ឌា]​ក៏​នឹង​ឈាន​ទៅ​មុខ​ផង​ដែរ​ដើម្បី​កាត់​បន្ថយ​ពន្ធ​គយ និង​របាំង​មិន​ពន្ធ​គយរបស់​ពួកគេ ​ប្រឆាំង​នឹង​សហរដ្ឋ​អាម៉េរិក​ដល់សូន្យ»។ មែនទែនទៅ ចាប់តាំងពីលោក ត្រាំ វិលចូលសេតវិមានវិញ ឥណ្ឌាជាប់ពន្ធខ្ពស់បំផុតមួយចំនួនរបស់ពិភពលោក ជាមួយនឹងអត្រាអនុវត្តសាមញ្ញ៥,៦ភាគរយ និងពន្ធអនុគ្រោះដែលមានប្រសិទ្ធភាព៨,២ភាគរយ នេះបើយោងតាមទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោក។

កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់អាម៉េរិកពីមុន ជាមួយដៃគូធំៗនៅអាស៊ី ដូចជា ជប៉ុន និងកូរ៉េខាងត្បូង ដោយប្រទេសទាំងនោះបានសន្យាថា នឹងបោះទុនវិនិយោគរាប់រយពាន់លានដុល្លារទៅក្នុងវិស័យឧស្សាហកម្មរបស់អាម៉េរិក ប៉ុន្តែឥណ្ឌាមិនបានបង្ហាញអំពីការវិនិយោគជាក់លាក់ណាមួយឡើយ។ ទីផ្សារហិរញ្ញវត្ថុរបស់ឥណ្ឌា បានដាំក្បាលចុះយ៉ាងគំហុក ចាប់តាំងពីរដ្ឋធានីវ៉ាស៊ីនតោន ចាប់ផ្ដើមអនុវត្តការយកពន្ធគយ។ បញ្ហានេះ បានធ្វើឱ្យទីផ្សារឥណ្ឌាក្លាយជាទីផ្សារដែលយ៉ាប់ជាងគេបំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចកំពុងលេចធ្លោនានា ក្នុងឆ្នាំ២០២៥ ដោយសារវិនិយោគិនបរទេសដកទុនវិនិយោគចេញពីប្រទេសនេះច្រើនបំផុតមិនធ្លាប់មាន។

ជុំវិញបញ្ហានេះ លោក ម៉ូឌី បានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«អស្ចារ្យណាស់ដែលបាននិយាយជាមួយមិត្តជាទីស្រឡាញ់របស់ខ្ញុំ នៅថ្ងៃនេះ ប្រធានាធិបតី ត្រាំ។ រីករាយដែលផលិតផលផលិតនៅឥណ្ឌា (ឬ Made in India) ឥឡូវនេះនឹងមានការកាត់បន្ថយពន្ធមកត្រឹម១៨ភាគរយ។ ជំនួសមុខឱ្យប្រជាជន១,៤ពាន់លាននាក់នៃប្រទេសឥណ្ឌាសម្រាប់ការប្រកាសដ៏អស្ចារ្យនេះ សូមអរគុណយ៉ាងខ្លាំងចំពោះប្រធានាធិបតី ត្រាំ»។ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា លោក ភីយូសហ៍ ហ្កូយ៉ាល់ (Piyush Goyal) អះអាងថា៖«កិច្ចព្រមព្រៀងនេះ នឹងទាក់ទាញសេដ្ឋកិច្ចអាម៉េរិក និងឥណ្ឌាឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា។ កិច្ចព្រមព្រៀងនេះ បើកឱកាសមិនធ្លាប់មានពីមុនមកសម្រាប់កសិករ សហគ្រាសធុនតូច និងមធ្យម សហគ្រិន និងកម្មករជំនាញក្នុងការបង្កើតនៅក្នុងប្រទេសឥណ្ឌាសម្រាប់ពិភពលោក ការរចនានៅក្នុងប្រទេសឥណ្ឌាសម្រាប់ពិភពលោក និងការច្នៃប្រឌិតនៅក្នុងប្រទេសឥណ្ឌាសម្រាប់ពិភពលោក។ វានឹងជួយឱ្យប្រទេសឥណ្ឌាទទួលបានបច្ចេកវិទ្យាពីសហរដ្ឋអាម៉េរិក»។

សូមជម្រាបថា រុស្ស៊ីតែងចាត់ទុកឥណ្ឌាជា«មិត្តក្នុងគ្រាក្រ» ប៉ុន្តែការដែលឥណ្ឌាបែរមកចុះចូលជាមួយអាម៉េរិក តាមរយៈលក្ខខណ្ឌ«ឈប់ទិញប្រេងរុស្ស៊ី» គឺជាការបោះបង់មិត្តក្នុងគ្រាអាសន្នហើយ។ ដូច្នេះ តើមិត្តចាស់វស្សា ដូចរុស្ស៊ី-ឥណ្ឌា អាចដើរដល់ផ្លូវបំបែកដែរឬទេ ឬមួយគ្រាន់តែជាយុទ្ធសាស្ត្រដោះទុក្ខសេដ្ឋកិច្ចរបស់ស្តេចដំរីឥណ្ឌាមួយពេល?...

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត