រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងថា ប្រទេសចិន និងឥណ្ឌា គឺជា«អ្នកជិតខាងល្អ មិត្តភក្ដិ និងជាដៃគូ» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ រាយការណ៍នៅថ្ងៃចន្ទទី២៦ ខែមករា។

លោក ស៊ី បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន-ឥណ្ឌា បានបន្តធ្វើឱ្យប្រសើរឡើង និងមានការអភិវឌ្ឍ ហើយប្រទេសក្បែរខាងទាំង២ គឺមានសារសំខាន់ណាស់ក្នុងការរក្សាទំនាក់ទំនង និងលើកកម្ពស់សន្តិភាព និងវិបុលភាពពិភពលោក។ លោក ស៊ី បានអះអាងថា ប្រទេសចិនតែងតែជឿជាក់ថា ការក្លាយជា«អ្នកជិតខាងល្អ មិត្តភក្ដិ និងដៃគូ» គឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ទាំងប្រទេសចិន និងឥណ្ឌា។ លោក ស៊ី ក៏បានប្រៀបប្រដូច ចិន និងឥណ្ឌាថា«នាគ និងដំរីកំពុងរាំលេងជាមួយគ្នា»។ លោក ស៊ី សង្ឃឹមថា ភាគីទាំង២ នឹងពង្រីកការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការ និងដោះស្រាយកង្វល់របស់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ទំនាក់ទំនងប្រកបដោយស្ថិរភាព និងយូរអង្វែង។

គួរជម្រាបថា ប្រទេសជិតខាងអាស៊ី ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២ មានខណ្ឌសីមាព្រំដែន៣៨០០គីឡូម៉ែត្រ ហើយតែងតែមានជម្លោះជារឿយៗ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០។ ទំនាក់ទំនងរវាងប្រទេសមានប្រជាជនច្រើនផុតលេខទាំង២ ក៏ត្រូវបានរង្គោះរង្គើខ្លាំងដោយការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០២០ ដោយទាហានឥណ្ឌា២០នាក់ និងទាហានចិន៤នាក់បានស្លាប់នៅក្នុងការប្រយុទ្ធ។ យ៉ាងណា ប្រទេសទាំង២ បានចាប់ផ្តើមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកាលពីឆ្នាំមុន បន្ទាប់ពីមានដំណើរទស្សនកិច្ចទ្វេភាគីកម្រិតខ្ពស់ជាបន្តបន្ទាប់៕
