
រាជធានីភ្នំពេញ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានរៀបចំកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលលោកទើបបង្កើតឡើង ហើយបានអញ្ជើញមេដឹកនាំពីបណ្តាប្រទេសនានាជាសមាជិកទៅចូលរួម ក្នុងនោះ ក៏មានមេដឹកនាំកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅជាផ្លូវការ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយប្រធានបទចម្បង គឺផ្តោតលើការកសាងសន្តិភាព និងការស្តារតំបន់ហ្កាហ្សាឡើងវិញ។

ងាកទៅមើលអ៊ីស្រាអែលឯណោះវិញ! ប្រទេសជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់អាម៉េរិកមួយនេះ នៅតែបន្តបើកការវាយប្រហារលើតំបន់ហ្កាហ្សាជាធម្មតា ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ហើយក៏មិនខ្វល់ថា អាម៉េរិកត្រៀមបើកកិច្ចប្រជុំអ្វីនោះទេ។ នៅថ្ងៃទី១៥ ខែកុម្ភៈ សារព័ត៌មានអន្តរជាតិធំៗ បានផ្សាយថា អ៊ីស្រាអែល បានវាយប្រហារតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន បណ្តាលឱ្យជនស៊ីវិល១២នាក់ទៀតបាត់បង់ជីវិត។

ជាមួយគ្នានេះ លោក ត្រាំ ដែលជាប្រធានក្រុមប្រឹក្សាសន្តិភាព ទើបនឹងបានប្រកាសថា ក្រុមប្រឹក្សានេះ នឹងផ្តល់ជំនួយដល់ទៅ៥ពាន់លានដុល្លារ ដើម្បីកសាងតំបន់ហ្កាហ្សាឡើងវិញ។ ឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃជាមួយអ៊ីស្រាអែល ហ្កាហ្សា ត្រូវខ្ទេចខ្ទីស្ទើរតែមើលលែងឃើញអគារ ឬហេដ្ឋារចនាសម្ព័ន្ធអ្វីទៅហើយ។

គេរំពឹងថា អាចមានមេដឹកនាំ ឬតំណាងពីបណ្តាប្រទេសប្រមាណ២០ នឹងចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព។ ក្នុងចំណោមតំណាងប្រទេសទាំងនោះ មិនមែនសុទ្ធតែជាសមាជិកទាំងអស់ទេ ដោយមានតំណាងប្រទេសមួយចំនួន ដែលមិនមែនជាសមាជិក ក៏នឹងចូលរួមដែរ ក្នុងនាមជាអ្នកសង្កេតមើល។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺអ៊ីស្រាអែល ក៏ជាសមាជិក ហើយរដ្ឋមន្រ្តីការបរទេសខ្លួន គឺលោក ហ្គីឌៀន សា (Gideon Sa'ar) ក៏នឹងចូលរួមកិច្ចប្រជុំ តែអ៊ីស្រាអែល បែរជាបន្តទម្លាក់គ្រាប់លើហ្កាហ្សាដោយមិនព្រមផ្អាក។ តើកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលមានលោក ត្រាំ ជាខ្នងបង្អែក អាចបង្កើតសន្តិភាពពិតប្រាកដ និងអាចផ្តល់ឱកាសឱ្យតំបន់ហ្កាហ្សាងើបឡើងអភិវឌ្ឍខ្លួនវិញដែរទេ ឬអ៊ីស្រាអែល នឹងនៅតែបន្តវាយប្រហារទៀត?




