
ក្រុងតៃប៉ិ៖ ក្រុមសមាជិកសភាអាម៉េរិកមកពីគណបក្សទាំងពីរ (បក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ) សរុបចំនួន៣៧រូប បានផ្ញើលិខិតរួមគ្នាមួយទៅកាន់ថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់របស់កោះតៃវ៉ាន់ បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការជាប់គាំងនៃកញ្ចប់ថវិកាការពារជាតិនៅក្នុងសភាតៃវ៉ាន់។ ក្រុមសមាជិកសភាអាម៉េរិកបានសង្កត់ធ្ងន់ថា ការគំរាមកំហែងពីសំណាក់ប្រទេសចិននាពេលបច្ចុប្បន្ន គឺមានសភាពធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក...។

កាលពីឆ្នាំ២០២៥ ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ជីងតេ បានស្នើសុំកញ្ចប់ថវិកាបន្ថែមចំនួន៤០ពាន់លានដុល្លារអាម៉េរិក សម្រាប់វិស័យការពារជាតិ ដើម្បីទប់ទល់នឹងមហិច្ឆតាគ្រប់គ្រងរបស់រដ្ឋធានីប៉េកាំងមកលើកោះប្រជាធិបតេយ្យមួយនេះ។ ប៉ុន្តែយ៉ាងណា បក្សប្រឆាំងដែលកាន់កាប់អាសនៈភាគច្រើននៅក្នុងសភា បានបដិសេធមិនពិនិត្យសំណើនេះ ហើយថែមទាំងបានលើកឡើងនូវសំណើផ្ទាល់ខ្លួន ដែលមានតម្លៃថោកជាង ផ្ដោតតែលើការទិញអាវុធមួយចំនួនតូចប៉ុណ្ណោះ។

នៅក្នុងលិខិតដែលផ្ញើជូនប្រធានសភាតៃវ៉ាន់ លោក ហាន គូ-យូ (Han Kuo-yu) និងប្រធានបក្សប្រឆាំង (KMT និងTPP) សមាជិកសភាអាម៉េរិកបានគូសបញ្ជាក់ថា៖«ការគំរាមកំហែងពីសំណាក់សាធារណរដ្ឋប្រជាមានិតចិន ប្រឆាំងនឹងកោះតៃវ៉ាន់ មិនដែលធំជាងពេលនេះឡើយ។ លោក ស៊ី ជីនពីង កំពុងផ្ដោតលើគ្រប់ធាតុផ្សំនៃអំណាចជាតិ ដើម្បីគ្រប់គ្រងកោះតៃវ៉ាន់»។ សហរដ្ឋអាម៉េរិកបានទទួលស្គាល់ថា ខ្លួនត្រូវតែដោះស្រាយបញ្ហានៃការយឺតយ៉ាវក្នុងការដឹកជញ្ជូនអាវុធឱ្យតៃវ៉ាន់ ប៉ុន្តែតៃវ៉ាន់ខ្លួនឯង ក៏ត្រូវបង្កើនការខិតខំប្រឹងប្រែងរបស់ខ្លួនផងដែរ។

ទោះបីជាសហរដ្ឋអាម៉េរិក បានកោតសរសើរចំពោះវឌ្ឍនភាពនៃសមត្ថភាពយោធារបស់តៃវ៉ាន់ នាពេលកន្លងមកក៏ដោយ ក៏ប៉ុន្តែសមាជិកសភាទាំង៣៧រូប បានសម្ដែងការព្រួយបារម្ភថា៖«ប្រសិនបើគ្មានការបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យដល់កម្រិតដែលប្រធានាធិបតី ឡៃ បានស្នើឡើងនោះទេ វឌ្ឍនភាពដែលតៃវ៉ាន់សម្រេចបានកន្លងមក នឹងមិនអាចទប់ទល់នឹងសត្រូវមានប្រសិទ្ធភាពឡើយ»៕




