
រដ្ឋធានីម៉ានីល៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកដំបូងប្រចាំឆ្នាំ២០២៦ នាទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានប្រកាសជាផ្លូវការថា ខ្លួនមិនទទួលស្គាល់ការបោះឆ្នោតដែលទើបតែប្រារព្ធធ្វើឡើងនៅក្នុងប្រទេសភូមា ឬមីយ៉ានម៉ានោះឡើយ...។

រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីន លោកស្រី ថេរ៉េសា ឡាសារ៉ូ (Theresa Lazaro) បានបញ្ជាក់យ៉ាងច្បាស់ថា អាស៊ានមិនផ្តល់ការយល់ព្រម ឬគាំទ្រលើដំណាក់កាលទាំងបី នៃការបោះឆ្នោតនេះទេ នេះគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់របបសឹកមីយ៉ាន់ម៉ា ក្នុងន័យចង់ស្វែងរកការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ ជំហរនេះ គឺជាការបន្តគោលការណ៍តឹងរ៉ឹងរបស់អាស៊ាន ដែលបានបដិសេធទទួលស្គាល់រដ្ឋាភិបាលយោធា តាំងពីពួកគេបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីលោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ២០២១មកម្ល៉េះ។

ទោះបីជាគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USDP) គាំទ្រដោយយោធា បានប្រកាសជ័យជម្នះកាលពីដើមសប្តាហ៍នេះក៏ដោយ ប៉ុន្តែការបោះឆ្នោតនេះត្រូវបានរងការរិះគន់យ៉ាងខ្លាំងថា មិនសេរី និងមិនយុត្តិធម៌។ មូលហេតុ គឺដោយសារការបោះឆ្នោតនេះ បានផាត់ចេញគណបក្សប្រឆាំងធំៗយ៉ាងដាច់អហង្កា មានការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិយ៉ាងខ្លាំងក្លា និងការរក្សាកៅអីសភា២៥ភាគរយទុកសម្រាប់យោធាដោយស្វ័យប្រវត្តិ ដែលធានាថា អំណាចនៅតែស្ថិតក្នុងដៃកងទ័ពដដែល។ សម្រាប់អាស៊ាន ការបោះឆ្នោតនេះគ្រាន់តែជាការប៉ុនប៉ងបង្កើតភាពស្របច្បាប់តាមផ្លូវច្បាប់សម្រាប់របបដឹកនាំយោធាដែលបានប្លន់អំណាច និងបង្កឱ្យមានសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសមីយ៉ាន់ម៉ាតែប៉ុណ្ណោះ៕



