ក្រសួងបរិស្ថាន កំពុងសហការជាមួយអាជ្ញាធរ ចាត់វិធានការលើបុគ្គលដែលបោះសំរាមចូលក្នុងស្ទឹងព្រែកត្នោត
S
Soriya Sou
23 វិច្ឆិកា 2025 02:39 AM

ក្រុងតាខ្មៅ៖ ក្រសួងបរិស្ថាន បានថ្កោលទោស និងស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ចំពោះបុគ្គល២រូប ដែលបានបោះសំរាមចូលក្នុងទឹកស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល បង្កឱ្យមានការបំពុលទឹក ប៉ះពាល់ដល់បរិស្ថាន...។

ការស្នើ និងថ្កោលទោសរបស់ក្រសួងបរិស្ថាន ធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គម និង បណ្តាញសារព័ត៌មានមួយចំនួនពីសកម្មភាពរបស់បុគ្គលចំនួន២នាក់ ម្នាក់ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកស្បោងសំរាមសំណល់រឹង និងបុគ្គលម្នាក់ទៀតបានយកសំរាមក្នុងស្បោងសំរាមជាច្រើននៅលើរ៉ឺម៉កបោះចូលទៅក្នុងស្ទឹងព្រែកត្នោត នៅចំណុចស្ពានព្រែកហូរ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល នាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ចំពោះករណីនេះ ក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលក្រុងតាខ្មៅ និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកបុគ្គលដែលបានប្រព្រឹត្តល្មើសច្បាប់ យកមកអប់រំនិងចាត់ការតាមនីតិវិធីច្បាប់។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន

ទន្ទឹមគ្នា អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យបុគ្គលដែលបានប្រព្រឹត្តល្មើសកំហុសខាងលើចេញមកសារភាព និងទទួលស្គាល់កំហុសចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច ហើយត្រូវបញ្ឈប់ការដឹកសំណល់រឹងទៅចោលផ្តេសផ្តាស ដូចជា៖ បោះចូលទៅក្នុងប្រព័ន្ធទឹកសាធារណៈ ដែលនាំឱ្យមានការបំពុលទឹក ប៉ះបាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថានជាបន្តទៀត។ បើតាមលោក ខ្វៃ អាទិត្យា បុគ្គលដែលបោះចោលសំរាមផ្តេសផ្តាសចូលទៅក្នុងទន្លេ បានប្រព្រឹត្តល្មើសច្បាប់ជាមួយអនុក្រឹត្យលេខ១១៣ ស្តីពី «ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន»  និងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា២៣០ ចំណុច១ ដែលហាមឃាត់ដាច់ខាតការចោលសម្រាប់ប្លាស្ទិកនៅតាមផ្លូវទីសាធារណៈ ទីវាល ប្រព័ន្ធលូ ប្រភពទឹកសាធារណៈ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត