
ក្រុងខេមរភូមិន្ទ៖ អាជ្ញាធរខេត្តកោះកុង ចុះបង្រ្កាបបានទូកដឹកទំនិញដែលផ្ទុកទៅដោយមឹកបង្កក ធុងទឹកខៀវ និងធុងក្លាសេឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជាដោយខុសច្បាប់។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តកោះកុង នៅថ្ងៃចន្ទទី១៦កុម្ភៈ ឆ្នាំ២០២៦...។

រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា លោកស្រី ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះទៅត្រួតពិនិត្យករណីទូកលួចដឹកទំនិញដោយខុសច្បាប់ និងសម្រេចដុតកម្ទេចចោលនូវមឹកទាំងអស់ដែលរឹបអូសបាន។ ចំណែក ទូក, ធុងទឹកខៀវ, និងធុងក្លាសេ មន្ត្រីជំនាញបានប្រគល់ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ (កោះយ៉) ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង យកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីស៊ើបអង្កេតបន្ត។ ចំពោះចំនួនមឹកបង្កកដែលរឹបអូសបានជាក់លាក់ អ្នកនាំពាក្យខេត្តកោះកុង លោក ឈិត រតនៈ បញ្ជាក់ប្រាប់ SBM News នៅរសៀលថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០២៦ នេះថា លោកមិនទាន់ទទួលបានរបាយការណ៍លម្អិតនៅឡើយទេ៕






