
ក្រុងដូនកែវ៖ ក្រោយផ្ទុះរឿងអាស្រូវពុករលួយ ហើយត្រូវបានមន្ត្រីនគរបាលក្រោមឱវាទ៦៧នាក់ ផ្តិតមេដៃប្តឹងទៅលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពេលនេះ លេចធ្លាយដំណឹងថា លោក ឆាយ កែវមុន្នី ត្រូវបានថ្នាក់លើដកបញ្ឈរជើងបណ្តោះអាសន្ន ដោយលោកវរសេនីយ៍ទោ ជា យូរ៉ាន់ ឡើងជាអធិការស្ដីទីជំនួស...។

បន្ទាប់ពីទទួលបានដំណឹងខាងលើ ការីនិពន្ធអង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី សៅ សារុន អ្នកនាំពាក្យស្នងការដ្ឋានគរបាលខេត្តតាកែវ តាមប្រពន្ធតេលេក្រាម នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីសុំការបំភ្លឺ ប៉ុន្តែលោកមិនធ្វើអត្ថាធិប្បាយឡើយ ដោយរុញឱ្យទៅសួរលោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនបុគ្គលិកវិញ តែត្រូវលោកស្នងការរូបនេះ ប្រាប់ឱ្យត្រឡប់មកសួរលោក សៅ សារុនវិញ ព្រោះជាតួនាទីអ្នកនាំពាក្យ។ យ៉ាងណា លោកទាំងពីររុញដាក់គ្នាមិនឆ្លើយសំណួរ ជុំវិញការដកហូតតំណែងលោកអធិការនគរបាលស្រុកបាទី ឆាយ កែវមុន្នី ដែលសម្បូរទៅដោយរឿងអាស្រូវនោះឡើយ។

សូមជម្រាបថា មុនលេចធ្លាយដំណឹងនៃការដកហូតដំណែង លោក ឆាយ កែវមុន្នី ដែលមានតួនាទីជាអធិការនគរបាលស្រុកបាទី ត្រូវបានកូនចៅក្រោមឱវាទចំនួន៦៧រូប ប្តឹងទៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ពីបទប្រព្រឹត្តទង្វើមិនល្អក្នុងការដឹកនាំ, ស៊ីដាច់លុយកូនចៅ, បើកបនល្បែងជល់មាន់អនឡាញរាប់រយកន្លែង, ព្រមទាំងលួចដោះលែងមុខសញ្ញាលក់ដូរថ្នាំញៀន និងកាងទីតាំងល្បែងអនឡាញស្កេមឈ្មោះ សុភមិត្តរ៉េស៊ីដិន ដែលអាជ្ញាធរខេត្តតាកែវ ចុះបង្ក្រាបកាលពីកំលុងខែកក្កដា ឆ្នាំ២០២៥ ពេលនេះ លោកអធិការនគរបាលស្រុកបាទីដែលសម្បូរទៅដោយរឿងអាស្រូវរូបនោះ ត្រូវបានថ្នាក់លើដកបញ្ឈរជើងហើយ ដោយតំណែងរបស់លោក ត្រូវបានអធិការរងម្នាក់ឈ្មោះ ជា យូរ៉ាន់ ឡើងមកស្តីទី។

យ៉ាងណា ក្រោយព័ត៌មានពុករលួយរបស់លោកអធិការនគរបាលស្រុកបាទី ចេញផ្សាយលើបណ្តាញសង្គម មហាជនជាច្រើនមានចម្ងល់ថា តើអាចទៅរួចដែរឬទេ ដែលលោកអធិការនគរបាលស្រុកបាទីម្នាក់នេះ ហ៊ានធ្វើព្យុះភ្លៀង និងថ្លើមធំដល់ថ្នាក់យកដៃបាំងមេឃ ទទួលយកសំណូកពុករលួយស៊ីស្ងាត់ៗតែម្នាក់ឯង ដោយមិនខ្លាចរអាថ្នាក់លើសូម្បីបន្តិច រហូតដល់កូនចៅក្រោមឱវាទទ្រាំលែងបាន ដាច់ចិត្តនាំគ្នាទម្លាយរឿងរ៉ាវ និងប្តឹងលោកទៅកាន់ក្រសួងមហាផ្ទៃ ផ្លោះស្នងការនគរបាលខេត្តតាកែវ ដែលជាអង្គភាពធំរបស់ខ្លួន។ តើហេតុអ្វី..ក៏មន្ត្រីនគរបាលទាំងនោះ មិនប្តឹងទៅកាន់ស្នងការខេត្តជាមុន តាមរចនាសម្ព័ន្ធរបស់ខ្លួន ឬមួយពួកគេមិនទុកចិត្តលោកស្នងការខេត្ត បានជាផ្លោះដល់ក្រសួងតែម្ដងបែបនេះ...?



