ករណីរដ្ឋបាលខេត្តតាកែវ បញ្ជាក់ពីការបិទក្រុមហ៊ុន សុភមិត្តរ៉េស៊ីដិន ពាក់ព័ន្ធអំពើឆបោកអនឡាញស្កេម មន្ត្រីនគរបាលខេត្តតាកែវ បបួលគ្នាចូលខម្មិនបដិសេធ

ក្រុងដូនកែវ៖ ក្រោយអង្គភាពសារព័ត៌មាន SBM News ចុះផ្សាយកាលពីថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៦ ដែលអត្ថបទមួយមានចំណងជើងថា «អាជ្ញាធររកឃើញទីតាំងអនឡាញស្កេមឈ្មោះ សុភមិត្តរ៉េស៊ីដិន នៅស្រុកបាទី ដូចនគរបាលទាំង៦៧រូប ប្ដឹងលោកអធិការ ឆាយ កែវមុន្នី ពិតមែន»។ ស្រាប់តែមានមន្ត្រីនគរបាលខេត្តតាកែវ ជាច្រើន បានបបួលគ្នាចូលខម្មិនបដិសេធ និងចោទប្រកាន់ថា ការចុះផ្សាយយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនោះ ជារឿងមិនពិត និងបំពុលសង្គម...។

លោកវរសេនីយ៍៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការនគរបាលស្រុកបាទី រងការចោទប្រកាន់ពីមន្ត្រីក្រោមឱវាទ  
លោកវរសេនីយ៍៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការនគរបាលស្រុកបាទី រងការចោទប្រកាន់ពីមន្ត្រីក្រោមឱវាទ  

សូមរំឭកថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការនគរបាលស្រុកបាទី​ ត្រូវបានមន្ត្រីនគរបាលក្រោមឱវាទចំនួន៦៧នាក់ក្នុងស្រុកបាទី នាំគ្នាផ្ដិតមេដៃប្ដឹងលោកអធិការស្រុករូបនេះ ទៅកាន់ក្រសួងមហាផ្ទៃ ដោយបកអាក្រាតពីអំពើពុករលួយជាច្រើនសំណុំរឿង។ កាន់តែធ្ងន់ធ្ងរបំផុតនោះ គឺមន្ត្រីនគរបាលទាំង៦៧នាក់ ចោទលោកអធិការនគរបាលស្រុក ឆាយ កែវមុន្នី ថាបានទទួលសំណូកពីមេខ្លោងអនឡាញស្កេម (Online Scams)ដែលមានក្រុមហ៊ុនឈ្មោះ សុភមិត្តរ៉េស៊ីដិន ក្នុងមួយខែៗនូវទឹកប្រាក់៥ពាន់ដុល្លារសហរដ្ឋអាម៉េរិក ថែមទៀតផង។ ក្រោយការចេញផ្សាយព័ត៌មានខាងលើបានជិត១សប្តាហ៍ រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ពីការបិទក្រុមហ៊ុន សុភមិត្តរ៉េស៊ីដិន ដែលពាក់ព័ន្ធនឹងអំពើឆបោកអនឡាញស្កេម ដូចមន្ត្រីនគរបាលទាំង៦៧នាក់ដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃពិតប្រាកដមែន។

លោកឧត្តមសេនីយ៍ត្រី សៅ សារុន អ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ  
លោកឧត្តមសេនីយ៍ត្រី សៅ សារុន អ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ  

អង្គភាពសារព័ត៌មាន SBM News ក៏បានចុះផ្សាយខ្លឹមសារសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវនោះដែរ ស្រាប់តែមន្ត្រីនគរបាលខេត្តតាកែវ ក្រៅពីស្រុកបាទី បបួលគ្នាចូលខម្មិនបដិសេធលើព័ត៌មានខាងលើ ថា ជាព័ត៌មានមិនពិត និងបំពុលសង្គមទៅវិញ។ ដោយចង់ដឹងថា តើហេតុអ្វីបានជាមន្ត្រីនគរបាលខេត្តតាកែវ នាំគ្នាចូលមកខម្មិនចោទប្រកាន់សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ការីនិពន្ធព័ត៌មាន SBM News បានព្យាយាមស្នើសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី សៅ សារុន អ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ ប៉ុន្តែលោកបានរុញសំណួរការីនិពន្ធយើង ទៅលោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការនគរបាលខេត្តតាកែវ ឱ្យឆ្លើយជំនួស ក្រោយពីបានស្ដាប់សំណួររួចរាល់។ ប៉ុន្តែលោកទាំងពីរបានឆ្លើយដាក់គ្នាទៅវិញទៅមក មិនផ្តល់ចម្លើយផ្លូវការណាមួយមកកាន់អង្គភាពយើងឡើយ។ ជាមួយគ្នានេះ ការីនិពន្ធ SBM News ក៏បានហៅទូរសព្ទទៅលោកស្នងការនគរបាលខេត្តតាកែវ ម៉ែន លី ដើម្បីសុំការបំភ្លឺបន្ថែមជាច្រើនដង ប៉ុន្តែគួរឱ្យស្ដាយទូរសព្ទខលចូល តែគ្មានអ្នកទទួល។

លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការនគរបាលខេត្តតាកែវ  
លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការនគរបាលខេត្តតាកែវ  

យ៉ាងណា ជុំវិញការប្រមូលផ្តុំរបស់មន្ត្រីនគរបាលខេត្តតាកែវ ចូលមកខម្មិនចោទប្រកាន់ការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន SBM News នៅពេលនេះ មិនដឹងថា មានចេតនាអ្វីឱ្យប្រាកដ ដ្បិតអង្គភាពសារព័ត៌មាន SBM News បានស្រង់សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវ ស្ទើរតែទាំងស្រុង ជូនទស្សនិកជនបានជ្រាប។ ក្នុង ករណីអង្គភាពសារព័ត៌មាន SBM News ចុះផ្សាយព័ត៌មានមិនពិត បំភ្លៃ ឬបំពុលសង្គម ដូចការលើកឡើងរបស់មន្ត្រីនគរបាលខេត្តតាកែវ ចូលមកខម្មិនចោទប្រកាន់មែន តើហេតុអ្វី អ្នកនាំពាក្យ និងស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការនគរបាលខេត្តតាកែវ មិនឆ្លើយបំភ្លឺ ចាំបាច់អ្វីលោករុញដាក់គ្នាពីម្នាក់ទៅម្នាក់បែបនេះ? ឬមួយមានផែនការអាថ៌កម្បាំងអ្វី នៅពីក្រោយការប្រមូលផ្តុំគ្នាចូលមកខម្មិនចោទប្រកាន់ក្នុងវីដេអូព័ត៌មាន SBM News? ឬក៏ជាការបង្វែរដានមហាជន កុំឱ្យចាប់អារម្មណ៍?

ទោះជាយ៉ាងណាក៏ដោយ មហាជនមានការយល់ដឹងច្បាស់ណាស់ ជុំវិញព័ត៌មានបំពុលសង្គម ពិត ឬក្លែងក្លាយ លើកលែងតែមន្ត្រីនគរបាលខេត្តតាកែវចូលមកខម្មិនទាំងនោះ រអៀសខ្លួននឹងរឿងអ្វីមួយ បានជានាំគ្នាចូលមកវាយប្រហារ រិះគន់ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវ ដែលបានចេញផ្សាយ កាលពីថ្ងៃទី១៣កុម្ភៈនោះ។ ម្យ៉ាងវិញទៀត ក៏មានលេចឮដំណឹងល្ហិចល្ហៀងមកថា ករណីលោកអធិការនគរបាលស្រុកបាទី ឆាយ កែវមុន្នី ទទួលសំណូកពីមេខ្លោងអនឡាញស្កេមនៃក្រុមហ៊ុន សុភមិត្តរ៉េស៊ីដិន ក្នុងមួយខែៗនូវទឹកប្រាក់៥ពាន់ដុល្លារ គឺជាការប្រមូលឱ្យទៅមេៗផងដែរ ពោលគឺ លោក ឆាយ កែវមុន្នី មិនបានស៊ីដាច់ប្រាក់សំណូកនោះតែម្នាក់ឯងទេ ដែលជាហេតុធ្វើឱ្យមេៗ រង់ចាំតែទទួលផលភ័យខ្លួន ខណៈលោក ទូច សុខៈ ក៏ធ្លាប់បង្ហើបប្រាប់ថា ករណីមន្ត្រីនគរបាលចោទលោក ឆាយ កែវមុន្នី ក្រសួងអាចនឹងចាត់មន្ត្រីជំនាញនៃក្រុមអធិការកិច្ច ចុះស៊ើបអង្កេត ទើបបានជាមានសកម្មភាពកែនគ្នីគ្នាចូលមកខម្មិនចោទប្រកាន់ការចុះផ្សាយរបស់អង្គភាព SBM News ដែលបានស្រង់សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវ យកមកចុះផ្សាយនេះ៕

រូបភាពតំណាង៖ ទីតាំងស្កេមអនឡាញ
រូបភាពតំណាង៖ ទីតាំងស្កេមអនឡាញ
សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តតាកែវ
សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តតាកែវ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត