មហិច្ឆតាថ្មី! លោក គីម ជុងអ៊ុន ត្រៀមបើកមហាសន្និបាតបក្សលើកទី៩ កំណត់វាសនាកូរ៉េខាងជើង៥ឆ្នាំទៅមុខ
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានប្រកាសជាផ្លូវការនៅថ្ងៃទី៨ ខែកុម្ភៈនេះថា កូរ៉េខាងជើង នឹងរៀបចំមហាសន្និបាតបក្សពលករលើកទី៩ នៅចុងខែកុម្ភៈ ឆ្នាំ២០២៦នេះ នារដ្ឋធានីព្យុងយ៉ាង បន្ទាប់ពីការិយាល័យនយោបាយ បានបើកកិច្ចប្រជុំរៀបចំរបៀបវារៈ និងកាលវិភាគរួចរាល់កាលពីថ្ងៃសៅរ៍។

ព្រឹត្តិការណ៍នយោបាយដ៏មហិមានេះ ធ្វើឡើងរៀងរាល់៥ឆ្នាំម្ដង ដើម្បីសម្រេចលើគោលដៅយុទ្ធសាស្ត្រជាតិធំៗ ដែលនឹងកំណត់ទិសដៅសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ មុននឹងឈានដល់មហាសន្និបាត លោក គីម ជុងអ៊ុន បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចុះពិនិត្យមូលដ្ឋានយោធា រួមមាន៖​ ទីតាំងបាញ់បង្ហោះគ្រាប់មីស៊ីលក្រូស និងគម្រោងសេដ្ឋកិច្ចដូចជាកសិដ្ឋានផ្ទះកញ្ចក់ខ្នាតយក្ស ដើម្បីបង្ហាញពីសមិទ្ធផលដ៏អស្ចារ្យក្រោមការដឹកនាំរបស់លោក។ អ្នកវិភាគអន្តរជាតិ កំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចប្រជុំលើកនេះ ដោយរំពឹងថា អាចនឹងមានការដង្ហែព្យុហយាត្រាយោធាដ៏ធំ ដើម្បីបង្ហាញអាវុធយុទ្ធភណ្ឌទំនើបៗជំនាន់ថ្មីរបស់រដ្ឋធានីព្យុងយ៉ាង។

ក្រៅពីការបង្ហាញកម្លាំងយោធា ពិភពលោកក៏កំពុងរង់ចាំមើលនូវសារនយោបាយការបរទេសថ្មីៗរបស់លោក គីម ជុងអ៊ុន ជាពិសេស គឺជំហររបស់លោកចំពោះសហរដ្ឋអាម៉េរិក និងការរឹតចំណងមិត្តភាពជាមួយរុស្ស៊ី និងចិន។ មហាសន្និបាតនេះ មិនត្រឹមតែជាវេទិកាកំណត់គោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសសម្រាប់មេដឹកនាំកូរ៉េខាងជើងរូបនេះ ពង្រឹងអំណាចបក្ស និងបង្ហាញសាមគ្គីភាពជាតិ ចំពេលស្ថានភាពនយោបាយសកលលោក កំពុងមានការប្រែប្រួលខ្លាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត