អ៊ីរ៉ង់ដាក់នុយយក្ស ហ៊ានយកកិច្ចព្រមព្រៀងថាមពល រ៉ែ និងយន្តហោះចម្បាំង ដាក់លើតុចរចាជាមួយអាម៉េរិក
ហៀប ស៊ីថេត
21 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ អ្នកការទូតអ៊ីរ៉ង់ម្នាក់ បានអះអាងកាលពីថ្ងៃអាទិត្យទី១៥ ខែកុម្ភៈថា អ៊ីរ៉ង់កំពុងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិក ដែលផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់ភាគីទាំងសងខាង ខណៈការអះអាងនេះកើតឡើងប៉ុន្មានថ្ងៃមុនការចរចាជុំទី២ រវាងរដ្ឋធានីតេហេរ៉ង់ និងវ៉ាស៊ីនតោនចាប់ផ្តើម...។

អ៊ីរ៉ង់ និងអាម៉េរិក បានចាប់ផ្តើមកិច្ចចរចាជាថ្មីនៅដើមខែនេះ ដើម្បីដោះស្រាយជម្លោះរាប់ទសវត្សរ៍ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋធានីតេហេរ៉ង់ និងដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាផ្នែកយោធាថ្មីមួយ។ អាម៉េរិកបានបញ្ជូននាវាផ្ទុកយន្តហោះទី២ ទៅកាន់តំបន់នោះ ហើយកំពុងរៀបចំលទ្ធភាពសម្រាប់ប្រតិបត្តិការយោធារយៈពេលវែងប្រសិនបើការចរចាមិនជោគជ័យ។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់បានមធ្យោបាយការទូត និងការដោះស្រាយតាមរយៈការចរចា ប៉ុន្តែលោកក៏បានបញ្ជាក់ច្បាស់ដែរថា ការវាយប្រហារបែបយោធា ក៏អាចនឹងកើតឡើងផងដែរ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio)។ «មិនដែលមាននរណាម្នាក់អាចធ្វើកិច្ចព្រមព្រៀង​ដោយជោគជ័យជាមួយអ៊ីរ៉ង់នោះទេ ប៉ុន្តែយើងនឹងព្យាយាម»។ នេះជាសម្តីដ៏មុតស្រួចចេញពីមាត់លោក រ៉ូប៊ីអូ។

អ៊ីរ៉ង់ បានគំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកនៅមជ្ឈិមបូព៌ា ប្រសិនបើខ្លួនត្រូវបានវាយប្រហារដោយកងកម្លាំងអាម៉េរិក ប៉ុន្តែកាលពីថ្ងៃអាទិត្យទី១៥ ខែកុម្ភៈ អ៊ីរ៉ង់បានបង្ហាញជំហរសម្រុះសម្រួលវិញ។ គណៈប្រតិភូអាម៉េរិក រួមមាន៖ បេសកជនអាម៉េរិក លោក ស្ទីហ្វ វីតខូហ្វ (Steve Witkoff) និងលោក ចារ៉េដ ឃូស្នឺ (Jared Kushner) នឹងជួបជាមួយមន្ត្រីអ៊ីរ៉ង់នៅទីក្រុងហ្សឺណែវ នាថ្ងៃអង្គារទី១៧ ខែកុម្ភៈខាងមុខនេះ។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ាជីដ តាក់ រ៉ាវ៉ាន់ឈី (Majid Takht-Ravanchi) បានផ្តល់សញ្ញាថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចក្នុងការសម្រុះសម្រួលលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការលើកលែងទណ្ឌកម្ម ដោយលោកបានប្រាប់ BBC ថា៖«បាល់..ស្ថិតនៅលើទីលានរបស់អាម៉េរិក ដើម្បីបង្ហាញថា ពួកគេចង់ធ្វើកិច្ចព្រមព្រៀង»។ លោកបានបញ្ជាក់សាជាថ្មីថា រដ្ឋធានីតេហេរ៉ង់នឹងមិនទទួលយកការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតសូន្យឡើយ នេះជាចំណុចទាល់ច្រកដ៏សំខាន់កាលពីមុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត