
ទីក្រុងមុយនិច៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ បានប្រើប្រាស់វេទិកានៃសន្និសីទសន្តិសុខក្នុងទីក្រុងមុយនិច កាលពីថ្ងៃទី១៤កុម្ភៈ ដើម្បីផ្ញើសារលួងចិត្ត និងធានាដល់បណ្ដាមេដឹកនាំអឺរ៉ុបថា រដ្ឋធានីវ៉ាស៊ីនតោនមិនមានបំណងបោះបង់ចោលមិត្តចាស់ឡើយ...។

សារនេះធ្វើឡើងបន្ទាប់ពីទំនាក់ទំនងអាម៉េរិក-អឺរ៉ុប ធ្លាក់ចុះស្ទើរដល់ចំណុចសូន្យ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ បញ្ចេញមហិច្ឆតាចង់កាន់កាប់កោះហ្គ្រីនឡែន និងប្រើពាក្យសម្ដីឌឺដងមិនឈប់ឈរទៅលើសម្ព័ន្ធមិត្តយោធាណាតូ។ លោក រូប៊ីអូ បានថ្លែងក្នុងទឹកដមសំនៀងសម្រុះសម្រួលថា៖«យើងមិនស្វែងរកការបំបែកបំបាក់ឡើយ ប៉ុន្តែយើងចង់ធ្វើឱ្យមិត្តភាពដ៏យូរអង្វែងនេះ រស់ឡើងវិញ និងពង្រឹងអរិយធម៌ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។ លោកបន្ថែមថា៖«អាម៉េរិកចង់ឃើញអឺរ៉ុបមួយដែលរឹងមាំ ព្រោះទ្វីបអឺរ៉ុប និងសហរដ្ឋអាម៉េរិក គឺជាចំណែកដែលមិនអាចខ្វះគ្នាបាន»។ យ៉ាងណា លោកក៏មិនភ្លេចបញ្ជាក់ដែរថា ទោះបីជាអាម៉េរិកត្រៀមខ្លួនដើរម្នាក់ឯង ក្នុងបេសកកម្មពិភពលោកក៏ដោយ ប៉ុន្តែជម្រើសដ៏ល្អបំផុត គឺការដើរទៅមុខជាមួយមិត្តភក្តិអឺរ៉ុប។

សុន្ទរកថារបស់លោក រូប៊ីអូ ត្រូវបានគេមើលឃើញថា មានលក្ខណៈវិជ្ជមានជាងលោកអនុប្រធានាធិបតី ជេដី វ៉ានស៍ កាលពីឆ្នាំមុន ដែលធ្លាប់បានប្រើវេទិកានេះ វាយប្រហារអឺរ៉ុបលើបញ្ហាអន្តោប្រវេសន៍ និងសេរីភាពបញ្ចេញមតិ។ ទោះបីជាលោក រូប៊ីអូ នៅតែប្រកាន់ជំហរថា បញ្ហាអន្តោប្រវេសន៍កំពុងធ្វើឱ្យសង្គមបាត់បង់ស្ថិរភាព ប៉ុន្តែលោកបានព្យាយាមជៀសវាងបញ្ហាចម្រូងចម្រាស MAGA ដែលអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រេដឌ្រីច មឺស (Friedrich Merz) ធ្លាប់បានព្រមានថា ជាមូលហេតុធ្វើឱ្យមានការបែកបាក់គ្នារវាងទ្វីបទាំងពីរ។

យ៉ាងណាមិញ ទោះបីជាទទួលបានការធានាពីអាម៉េរិកក៏ដោយ មេដឹកនាំអឺរ៉ុបហាក់ដូចជា ចាប់ផ្ដើមដឹងខ្លួនថា ពួកគេមិនអាចពឹងផ្អែកទាំងស្រុងលើរដ្ឋធានីវ៉ាស៊ីនតោន បានទៀតទេ។ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានលើកឡើងថា នេះគឺជាពេលវេលាអឺរ៉ុបត្រូវកសាងរចនាសម្ព័ន្ធសន្តិសុខផ្ទាល់ខ្លួន ដើម្បីក្លាយជាសម្ព័ន្ធមិត្តដ៏ល្អរបស់អាម៉េរិក។ ចំណែក មេដឹកនាំអង់គ្លេស លោក ឃា ស្តាមឺ ក៏បានប្រៀបធៀបអឺរ៉ុបទៅនឹងយក្សដែលកំពុងដេកលក់ ហើយត្រូវតែភ្ញាក់ឡើងដើម្បីទទួលខុសត្រូវលើវិស័យការពារជាតិដោយខ្លួនឯង ដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសរុស្ស៊ី។ ការប្រេះស្រាំជុំវិញការប៉ុនប៉ងបញ្ចូលហ្គ្រីនឡែនទៅជាកម្មសិទ្ធិរបស់អាម៉េរិក បានបង្ខំឱ្យបណ្ដាប្រទេសអឺរ៉ុបត្រូវសាមគ្គីគ្នា និងសន្យាថា នឹងបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យបានច្រើនជាងមុន ដើម្បីពង្រឹងកម្លាំងណាតូឱ្យកាន់តែរឹងមាំជាងពេលណាៗទាំងអស់៕


