ប្រជានេសាទសូមប្រុងប្រយ័ត្ន! រយៈពេលបីថ្ងៃនេះ នឹងមានខ្យល់បក់ល្បឿនលឿនមកពីទិសផ្សេងគ្នា
S
Sreyleak Yith
16 កុម្ភៈ 2026 02:12 AM

រាជធានីភ្នំពេញ៖ របបខ្យល់មូសុងឦសាន បានបោកបក់មកលើសមុទ្ទចិនខាងត្បូង សមុទ្ទកម្ពុជា និងអាងទន្លេមេគង្គ ធ្វើឱ្យតំបន់មាត់សមុទ្ទ មានខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ក្នុងល្បឿន៥ម៉ែត្រក្នុងមួយវិនាទី ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨កុម្ភៈ ឆ្នាំ២០២៦…។

ក្រសួងធនធានទឹក គូសបញ្ជាក់ថា តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ ក្នុងនោះ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ។ រីឯតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។ ជាមួយគ្នា មានខ្យល់បក់មកពី ទិសឧត្តរ និងទិសឦសាន មានល្បឿន៣ម៉ែត្រក្នុងមួយវិនាទី បង្កឱ្យ ខេត្តកំពង់ស្ពឺ និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។

ដោយទ្បែក ខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ រតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងតំបន់ជួរភ្នំដងរែក គ្មានភ្លៀងធ្លាក់ទេ។ ចំណែក តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ។ មានខ្យល់បក់មកពី ទិសឦសាន និងទិសបូព៌ ក្នុងល្បឿនមធ្យម២ម៉ែត្រក្នុងមួយវិនាទី តែយ៉ាងណា រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ កណ្តាល តាកែវ ព្រៃវែង និងខេត្តស្វាយរៀង ក៏មិនមានភ្លៀងធ្លាក់ដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត