
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងឱ្យដឹងថា តំបន់មួយចំនួននៅតែទ្បើងកម្តៅដល់៣៥អង្សាសេ ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនចន្លោះពី១ទៅ២ម៉ែត្រក្នុងមួយវិនាទី…។

ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ទ្រនុងនៃសម្ពាធខ្ពស់នៅភាគខាងកើតប្រទេសចិនបន្តគ្របដណ្ដប់លើកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយទៅមធ្យម»។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រក្នុងមួយវិនាទី។ រីឯតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣១-៣៣អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រក្នុងមួយវិនាទី។ ដោយទ្បែកតំបន់មាត់សមុទ្ទ សីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣២-៣៤អង្សាសេ ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រក្នុងមួយវិនាទី រលកសមុទ្ទមានកម្ពស់ពី០,៥០-០,៧៥ម៉ែត្រ៕





