យោធាថៃប្រើល្បិចសង់របង និងសម្រុកទិញអាវុធ ជាការត្រៀមឈ្លានពានកម្ពុជាសាជាថ្មីឬ..?
ហៀប ស៊ីថេត
12 ម៉ោងមុន

រាជធានីបាងកក៖ ស្របពេលស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្ដៅខ្លាំង យោធាថៃឈ្លានពាន បានចេញមុខមកដោះសារទាំងពុតត្បុតថា ការសាងសង់របងព្រំដែន និងការសម្រុកបញ្ជាទិញសព្វាវុធយ៉ាងសន្ធឹកសន្ធាប់បែបនេះ គឺដើម្បីបង្កើនសន្តិសុខធម្មតា និងជាការគ្រប់គ្រងព្រំដែន មិនមែនជាការញុះញង់មកលើកម្ពុជាទេ។ ទោះបីជាថៃព្យាយាមលាងខ្លួនថា នេះមិនមែនជាការញុះញង់ក៏ដោយ ប៉ុន្តែសកម្មភាពបង្អួតសាច់ដុំយោធា និងការសាងសង់របងដោយឯកតោភាគី ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជាចេតនាបង្កជម្លោះ និងបង្កប់នូវមហិច្ឆតាឈ្លានពានមកលើកម្ពុជា។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ មជ្ឈមណ្ឌលព័ត៌មានទទួលបន្ទុកលើការធ្វើបច្ចុប្បន្នភាពស្ថានភាពថៃ-កម្ពុជា បានពន្យល់ថា ការអនុម័តថវិកាសម្រាប់គំនិតផ្តួចផ្តើមទាំងនេះលើការសាងសង់របងព្រំដែន និងការបញ្ជាទិញសព្វាវុធ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាប្រចាំ ដើម្បីការពារអធិបតេយ្យភាពជាតិ និងសន្តិសុខពលរដ្ឋ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងសកម្មភាពខុសច្បាប់។ យោធាថៃ បានសង្កត់ធ្ងន់ថា របងព្រំដែនគឺជាវិធានការបង្ការ មិនមែនជាទង្វើឈ្លានពានទេ ហើយស្ថិតនៅក្នុងសិទ្ធិស្របច្បាប់របស់ប្រទេសថៃ ក្រោមច្បាប់អន្តរជាតិ។ ជុំវិញអះអាងយកល្អតែខ្លួនឯងរបស់ភាគីថៃនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែជាការលើកយកលេសជួញដូរមនុស្ស ឬបទឧក្រិដ្ឋ ជាវាំងននខ្មៅបិទបាំងផែនការទុច្ចរិតរបស់ខ្លួនតែប៉ុណ្ណោះ ខណៈការបញ្ជាទិញសព្វាវុធ គឺជាការសម្ញែងសាច់ដុំយោធាដាក់កម្ពុជា បង្កប់នូវផែនការឈ្លានពានកម្ពុជា យ៉ាងច្បាស់ក្រឡែត។ 

អ្វីដែលគួរឱ្យហួសចិត្តនោះ គឺថា ​ភាគីថៃបានរំពងសំឡេងថា ប្តេជ្ញា​ចិត្ត​ចំពោះ​ទំនាក់ទំនងជាមួយ​ប្រទេសជិតខាង​ ហើយថែមទាំងបានជំរុញកិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ តាមរយៈ​យន្តការ​ទ្វេភាគី​ដូចជា​គណៈកម្មការ​ព្រំដែន​រួម (JBC) និង​យន្តការ​ព្រំដែនកម្រិត​យោធា(RBC/GBC) ស្រប​តាម​ច្បាប់​អន្តរជាតិ។ សូមបញ្ជាក់ថា ការអះអាងរបស់ភាគីថៃ កំពុងបង្ហាញយ៉ាងច្បាស់ថា គឺជាពាក្យសម្តីក្បត់សកម្មភាព ព្រោះថា កន្លងមក ថៃបានប្រើប្រាស់ដៃម្ខាងស៊ីញ៉េលើកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែដៃម្ខាងទៀត បែរជាកាន់អាវុធឈ្លានពានកម្ពុជាទៅវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត