
រាជធានីបាងកក៖ មេដឹកនាំគណបក្ស អនុទីន ឆានវីរគុល និងគណបក្សភឿថៃ ដឹកនាំដោយ លោក យ៉តឆៈណាន់ វង្សសុវត្ថិ (Yodchanan Wongswasdi) រួមជាមួយឥស្សរជនសំខាន់ៗមកពីភាគីទាំងពីរ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា កាលពីថ្ងៃសុក្រទី១៣ ខែកុម្ភៈ ដើម្បីប្រកាសពីវឌ្ឍនភាពរបស់ពួកគេក្នុងការបង្កើតរាជរដ្ឋាភិបាលចម្រុះ។

លោក អនុទីន បានបញ្ជាក់ថា គណបក្សភូមិចៃថៃមិនចង់ឱ្យប្រទេសប្រឈមមុខនឹងភាពអន្តរកាលនៃនយោបាយដ៏យូរអង្វែងនោះទេ។ ដូច្នេះ ពួកគេបានអនុវត្តតាមប្រពៃណីនៃការទាក់ទងគណបក្សនយោបាយតាមលំដាប់នៃសន្លឹកឆ្នោតរបស់ពួកគេ។ បន្ទាប់ពី គណបក្សប្រជាជន បានប្រកាសជំហរច្បាស់លាស់ប្រឆាំងនឹងការចូលរួមរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សភូមិចៃថៃ លោក អនុទីន បានអញ្ជើញគណបក្សភឿថៃសម្រាប់កិច្ចពិភាក្សាបង្កើតរាជរដ្ឋាភិបាលចម្រុះរួមគ្នា ខណៈគណបក្សភឿថៃ មានឆន្ទៈក្នុងការគាំទ្រគណបក្សភូមិចៃថៃ ក្នុងការដឹកនាំការបង្កើតរាជរដ្ឋាភិបាលចម្រុះ។

ទាក់ទងនឹងកិច្ចសហការនាពេលអនាគត លោក អនុទីន បានសង្កត់ធ្ងន់ថា គណបក្សទាំងពីរ មានទំនុកចិត្តលើសក្តានុពល និងបទពិសោធនៃសមាជិករបស់ពួកគេ ដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកអនាគតដ៏រឹងមាំមួយ។ ពួកគេបានយល់ព្រមទុកជម្លោះ និងការយល់ច្រឡំគ្នានាពេលកន្លងមកនៅមួយអន្លើ ដោយផ្តោតលើការឈានទៅមុខជាមួយនឹងផលប្រយោជន៍សាធារណៈ ជាគោលដៅចម្បង ហើយពួកគេនឹងសហការគ្នាឱ្យបានពេញលេញបំផុត។ សម្រាប់គណបក្សភឿថៃវិញ លោក យ៉តឆៈណាន់ វង្សសុវត្ថិ បានថ្លែងអំណរគុណដល់លោកអនុទីន ចំពោះកិត្តិយសដែលបានអញ្ជើញពួកគេឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ លោកនឹងចូលរួមដោយផ្ទាល់ក្នុងការចរចា និងកិច្ចពិភាក្សាទាំងអស់។

លោក អនុទីន និងលោក យ៉តឆៈណាន់ សុទ្ធតែជាបេក្ខជននាយករដ្ឋមន្រ្តីមកពីគណបក្សរៀងៗខ្លួន តែគណបក្សភូមិចៃថៃ ទទួលបានសំឡេងឆ្នោតច្រើនច្រើងគេ ដូច្នេះ លោក អនុទីន ដែលកំពុងកាន់តំណែងនាយករដ្ឋមន្រ្តីស្រាប់នោះ នឹងបន្តកាន់តំណែងនេះ ដឹកនាំរាជរដ្ឋាភិបាលសម្រាបអាណត្តិថ្មី។ ទោះយ៉ាងណាក៏ដោយ អ្នកបោះឆ្នោតមួយចំនួនធំ ដែលគាំទ្រគណបក្សផ្សេង ពិសេសអ្នកគាំទ្រគណបក្សប្រជាជន(ថៃ) កំពុងផ្ទុះការតវ៉ាទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ក្រោយរកឃើញភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ៕


