បក្សប្រជាជនត្រៀមប្តឹង គ.ជ.ប[ថៃ] ទៅតុលាការរឿងបន្លំបារកូដលើសន្លឹកឆ្នោត
N
Nary Vann
មួយថ្ងៃមុន

រាជធានីបាងកក៖ សង្វៀននយោបាយប្រទេសថៃ បានឈានដល់ចំណុចតានតឹងជាថ្មី បន្ទាប់ពីគណបក្សប្រជាជន (People’s Party) ប្រកាសជាផ្លូវការនូវគម្រោងប្តឹងគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ទៅកាន់តុលាការព្រហ្មទណ្ឌផ្នែកពុករលួយ និងការរំលោភសិទ្ធិ ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធបារកូដ (Barcode) លើសន្លឹកឆ្នោត ដែលត្រូវបានចោទប្រកាន់ថា អាចបំផ្លាញគោលការណ៍បោះឆ្នោតជាសម្ងាត់...។

រូបភាព៖ The Nation
រូបភាព៖ The Nation

លោក ព្រីសដ៏ វជ្ជរៈសិន្ធុ (พริษฐ์ วัชรสินธุ) អ្នកនាំពាក្យបក្សប្រជាជន បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤កុម្ភៈថា វត្តមានរបស់លេខកូដសម្ងាត់ទាំងនេះ អាចអនុញ្ញាតឱ្យគេតាមដានអត្តសញ្ញាណអ្នកបោះឆ្នោត និងដឹងច្បាស់ថាបុគ្គលម្នាក់ៗ បោះឆ្នោតឱ្យបក្សណាមួយ ដែលវាជាចន្លោះប្រហោងដ៏គ្រោះថ្នាក់បំផុតក្នុងការប្រើប្រាស់ ដើម្បីគំរាមកំហែងអ្នកបោះឆ្នោត ឬលួចផ្ដិតយករូបភាពដើម្បីបម្រើឱ្យផលប្រយោជន៍នយោបាយខុសច្បាប់របស់បក្សណាមួយ។

រូបភាព៖ The Nation
រូបភាព៖ The Nation

ស្ថានការណ៍កាន់តែឡើងកម្ដៅខ្លាំងថែមទៀត នៅពេលតុលាការរដ្ឋបាលកណ្ដាលបានសម្រេចទទួលយកពាក្យបណ្ដឹងពីមេធាវី លោក ធនូ រុងរោចរឿងឆាយ (ธนู รุ่งโรจน์เรืองฉาย) ដែលបានដាក់ពាក្យប្តឹងប្រឆាំង គ.ជ.ប ជុំវិញបញ្ហា QR code និងបារកូដដូចគ្នានេះដែរ។ នៅក្នុងពាក្យបណ្ដឹងដែលទទួលបានលេខសំណុំរឿង ៣០៤/២០២៦ លោកមេធាវីបានទទូចសុំឱ្យតុលាការចេញដីកាបង្កកការប្រកាសលទ្ធផលបោះឆ្នោតជាបណ្ដោះអាសន្ន និងឈានទៅដល់ការសម្រេចឱ្យមានការបោះឆ្នោតឡើងវិញទូទាំងប្រទេស ដោយប្រើប្រាស់សន្លឹកឆ្នោតថ្មីដែលមិនមានលេខកូដអាចតាមដានបាន។ លោកសង្កត់ធ្ងន់ថា នេះគឺជាកិច្ចការបន្ទាន់ដើម្បីការពារផលប្រយោជន៍សាធារណៈ និងរក្សានូវភាពស្មោះត្រង់នៃឆន្ទៈរបស់ម្ចាស់ឆ្នោត កាលពីថ្ងៃទី៨ ខែកុម្ភៈកន្លងទៅ ដែលអាចនឹងត្រូវរងការរំលោភបំពានផ្នែកឯកជនភាពយ៉ាងធ្ងន់ធ្ងរ។

រូបភាព៖ The Nation
រូបភាព៖ The Nation

ជាការឆ្លើយតបភ្លាមៗ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានចេញសេចក្តីថ្លែងការណ៍ វាយបកវិញយ៉ាងចាស់ដៃ ដោយបានច្រានចោលរាល់ការចោទប្រកាន់ទាំងហ្លាយ និងបានពន្យល់ថា ការដាក់បារកូដលើសន្លឹកឆ្នោត គឺធ្វើឡើងក្នុងគោលបំណងការពារការលួចបន្លំ និងធានាសុពលភាពនៃសន្លឹកឆ្នោតនីមួយៗតែប៉ុណ្ណោះ ដោយវាមិនមានឥទ្ធិពលអ្វីដល់ភាពជាសម្ងាត់នៃការបោះឆ្នោតដូចការលើកឡើងនោះឡើយ។ មិនត្រឹមតែបដិសេធនោះទេ គ.ជ.ប ក៏បានដាក់ការព្រមានយ៉ាងធ្ងន់ៗថា នឹងចាត់វិធានការច្បាប់ តាមរយៈច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យា ចំពោះបុគ្គល ឬក្រុមណាមួយដែលផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងមួលបង្កាច់ និងបំភាន់សាធារណជនឱ្យយល់ច្រឡំលើសុពលភាពនៃដំណើរការបោះឆ្នោតជាតិ ដែលកំពុងស្ថិតក្រោមការតាមដានយ៉ាងដិតដល់ពីសំណាក់មហាជន៕

រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត