
រាជធានីបាងកក៖ ពិភពកីឡាអេឡិចត្រូនិក(Esports)របស់ថៃ បានធ្លាក់ក្នុងភាពអាម៉ាស់ជាខ្លាំង បន្ទាប់ពីកីឡាការិនីល្បីឈ្មោះ វសរិន្ទ នរ៉ាភ័ទ្ទ (วศรินทร์ นราภัทร) ឬ “โตเกียว” និងបក្ខពួកម្នាក់ឈ្មោះ ឈីរ៉ូ គង់ (Cheerio Kong) បានសារភាពកំហុសជុំវិញការបន្លំកិច្ចការក្នុងវិស័យ Esports ជាយូរមកហើយ រួមទាំងការលួចបន្លំក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅផងដែរ...។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ថៃ បានប្រកាសចាប់ខ្លួនអ្នកទាំងពីរ ពីបទចូលប្រើប្រាស់ទិន្នន័យកុំព្យូទ័រដោយគ្មានការអនុញ្ញាត និងការបែកធ្លាយវិធានការការពារឯកជនភាព ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះជាតិ។ តាមការសារភាពនៅចំពោះមុខសមត្ថកិច្ច កញ្ញា វសរិន្ទ បានរៀបរាប់ពីល្បិចកលយ៉ាងល្អិតល្អន់ ដោយនាងបានលួចបន្លំដូរទូរសព្ទដែលគណៈកម្មការផ្តល់ឱ្យ ជំនួសដោយទូរសព្ទផ្ទាល់ខ្លួនដែលមានដំឡើងកម្មវិធី Discord ដើម្បីធ្វើការ Screen-share (ចែករំលែកអេក្រង់) ទៅឱ្យបក្ខពួកឈ្មោះ Cheerio ជាអ្នកបញ្ជាលេងជំនួសពីចម្ងាយ។ នាងបានរង់ចាំរហូតដល់កាមេរ៉ាងាកចេញ ទើបធ្វើសកម្មភាពដូរទូរសព្ទ រួចយកជើងជាន់ទូរសព្ទរបស់គណៈកម្មការទុកក្រោមតុ ដើម្បីកុំឱ្យអាជ្ញាកណ្ដាលចាប់បាន។

រឿងនេះ បែកការណ៍នៅក្នុងការប្រកួតទល់នឹងក្រុមវៀតណាម វិញ្ញាសាហ្គេម Arena of Valor នៅពេលដែលអាជ្ញាកណ្ដាលបានរកឃើញកម្មវិធី Discord កំពុងដំណើរការក្នុងទូរសព្ទរបស់នាង ដែលនាំឱ្យមានការដកសិទ្ធិភ្លាមៗ និងធ្វើឱ្យក្រុមនារីថៃទាំងមូលសម្រេចចិត្តដកខ្លួនចេញពីការប្រកួតទាំងអាម៉ាស់។ លើសពីការបន្លំក្នុងស៊ីហ្គេម ការស៊ើបអង្កេតបានរកឃើញថា នេះគឺជាការបោកប្រាស់ជាប្រព័ន្ធដែលមានរយៈពេលជាយូរមកហើយ។ Cheerio បានសារភាពថា ខ្លួនគឺជាអ្នកលេងស៊ីឈ្នួលឱ្យ វសរិន្ទ ដើម្បីជួយលើកមុខមាត់នាងនៅលើបណ្តាញសង្គម ជាថ្នូរនឹងការទទួលបានប្រាក់កម្រៃសម្រាប់បង់ថ្លៃផ្ទះ ហូបចុក និងដើរទិញអីវ៉ាន់។

បច្ចុប្បន្ន ក្រុមហ៊ុន Garena បានសម្រេចដាក់បម្រាម វសរិន្ទ មិនឱ្យចូលរួមប្រកួតពេញមួយជីវិត ខណៈក្លិប TALON ក៏បានបញ្ឈប់កិច្ចសន្យានាងភ្លាមៗផងដែរ។ ករណីនេះមិនត្រឹមតែបំផ្លាញអាជីពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងពីរត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគារ ផាកពិន័យជាប្រាក់ និងមានប្រវត្តិរូបឧក្រិដ្ឋកម្មជាប់ខ្លួនថែមទៀតផង៕




