ស៊ី ជីនពីង ប្រកាសភាពជោគជ័យលើការប្រើកណ្តាប់ដៃដែករបស់បក្សកុម្មុយនីស្ដចិន កម្ចាត់មហារីកពុករលួយក្នុងជួរមេទ័ពកំពូល
N
Nary Vann
12 កុម្ភៈ 2026 03:31 AM

រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃទី១១ខែកុម្ភៈ បានសាទរចំពោះការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់យោធា ក្នុងការទទួលស្គាល់ដ៏កម្រមួយពីអំពើពុករលួយ បន្ទាប់ពីរដ្ឋធានីប៉េកាំងបង្កើនការបោសសម្អាតផ្ទៃក្នុងយ៉ាងខ្លាំងក្លា រហូតឈានដល់ការស៊ើបអង្កេតលើមេទ័ពកំពូលៗបំផុតរបស់ប្រទេស។

កាលពីខែមុន ក្រសួងការពារជាតិចិនបានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតលើលោក ចាង យូហ្សៀ (Zhang Youxia) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម (CMC) និងលោក លីវ ហ្សេនលី (Liu Zhenli) អគ្គសេនាធិការនៃនាយកដ្ឋានបុគ្គលិករួមរបស់ CMC ដែលទទួលបន្ទុកលើផែនការប្រយុទ្ធ។ អ្នកទាំងពីរ គឺជាមន្ត្រីជាន់ខ្ពស់ចុងក្រោយគេ ដែលបានដួលរលំក្រោមយុទ្ធនាការកម្ចាត់អំពើពុករលួយដ៏ធំសម្បើម ដែលលោក ស៊ី ជីនពីង ដាក់ចេញតាំងពីលោកឡើងកាន់អំណាចជាង១០ឆ្នាំមុន។

នៅក្នុងសន្ទរកថាទៅកាន់កងទ័ពតាមរយៈវីដេអូ លោក ស៊ី ជីនពីង បានលើកឡើងថា កងទ័ពបានឆ្លងកាត់ការលត់ដំតាមបែបបដិវត្តន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាឃ្លាដែលគេតែងតែប្រើដើម្បីសំដៅលើការបង្កើនភក្ដីភាពចំពោះបក្សកុម្មុយនីស្ដ។ លោកបញ្ជាក់ថា៖«កងទ័ពរំដោះប្រជាជនចិន បានបោះជំហានទៅមុខយ៉ាងស៊ីជម្រៅក្នុងការកែតម្រង់នយោបាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះហានិភ័យ និងបញ្ហាប្រឈមនានា»។

យុទ្ធនាការប្រឆាំងអំពើពុករលួយនេះ បានធ្វើឱ្យសមាសភាពនៃគណៈកម្មាធិការយោធាមជ្ឈិម (CMC) ដ៏មានអំណាច ដែលធ្លាប់មានសមាជិក៧រូបកាលពីឆ្នាំ២០២២ ធ្លាក់ចុះមកនៅត្រឹមតែមេទ័ពម្នាក់គត់ គឺលោក ចាង សេងមីន (Zhang Shengmin) ដែលនៅឈរក្បែរលោក ស៊ី ជីនពីង ក្នុងនាមជាប្រធាន។ នៅក្នុងកម្មវិធីផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV ក៏បានបង្ហាញវត្តមានរដ្ឋមន្ត្រីការពារជាតិ លោក ដុង ជុន (Dong Jun) អង្គុយក្បែរលោក ស៊ី ជីនពីង ផងដែរ ដែលឆ្លុះបញ្ចាំងថា រដ្ឋបាលរដ្ឋធានីប៉េកាំងកំពុងព្យាយាមបង្ហាញសាមគ្គីភាពផ្ទៃក្នុង ទោះបីជាមានការដកតំណែងមន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាប់ក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត