អាម៉េរិក ដកដាវត្រៀមប្រតិបត្តិការសឹកវាយលុកលើអ៊ីរ៉ង់រយៈពេលវែង
ហៀប ស៊ីថេត
19 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពសហរដ្ឋអាម៉េរិក កំពុងរៀបចំផែនការសម្រាប់លទ្ធភាពនៃប្រតិបត្តិការសឹកយូរអង្វែង និងអាចអូសបន្លាយពេលរាប់សិបសប្តាហ៍ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រធានាធិបតី ដូណាល់ ត្រាំ ចេញបញ្ជាឱ្យវាយប្រហារ។ ប្រសិនបើសង្គ្រាមផ្ទុះមែន វាអាចនឹងក្លាយជាជម្លោះដ៏ស្រួចស្រាវបំផុតមិនធ្លាប់មាន រវាងប្រទេសទាំង២។ នេះបើតាមការទម្លាយឱ្យដឹងពីមន្ត្រីអាម៉េរិក២រូប...។

កាលពីសប្តាហ៍មុន អ្នកការទូតអាម៉េរិក និងអ៊ីរ៉ង់ បានបើកកិច្ចចរចានៅប្រទេសអូម៉ង់ ក្នុងគោលបំណងស្រោចស្រង់ដំណោះស្រាយការទូតលើកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋធានីតេហេរ៉ង់ បន្ទាប់ពីលោក ត្រាំ បានបង្កើនកម្លាំងទ័ពយ៉ាងសន្ធឹកសន្ធាប់នៅក្នុងតំបន់ ដែលបង្កឱ្យមានការភ័យខ្លាចនៃការផ្ទុះឡើងសង្រ្គាមថ្មី។ យ៉ាងណា កាលពីថ្ងៃសុក្រទី១៣ ខែកុម្ភៈ មន្ត្រីអាម៉េរិកបានអះអាងថា មន្ទីរបញ្ចកោណបានបញ្ជូននាវាផ្ទុកយន្តហោះខ្នាតយក្សមួយគ្រឿងទៀតគឺ USS Gerald R. Ford បោះពួយឆ្ពោះសំដៅទៅកាន់មជ្ឈិមបូព៌ា រួមជាមួយកងទ័ពរាប់ពាន់នាក់ យន្តហោះចម្បាំង នាវាពិឃាត មីស៊ីលតម្រង់ទិស និងអាវុធទំនើបៗជាច្រើនមុខទៀត ដែលមានសមត្ថភាពទាំងការវាយលុក និងការការពារ។ នេះមានន័យថា អាម៉េរិកកំពុងតែបោះយុថ្កានាវាចម្បាំង និងបំពាក់ដោយអាវុធទំនើបៗនៅតំបន់មជ្ឈិមបូព៌ា ត្រៀមប្រតិបត្តិការសឹករយៈពេលយូរ ដើម្បីបំបាក់ធ្មុង និងកាច់ចង្កូមខ្លាកំណាចអ៊ីរ៉ង់។ អ្វីដែលគួរឱ្យព្រឺព្រួចនោះគឺថា បន្ទាប់ពីចតនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅមុខផ្ទះអ៊ីរ៉ង់ ពេលនេះស្រាប់តែអាម៉េរិកបញ្ជូននាវាផ្ទុកយន្តហោះ USS Gerald R. Ford ទៅបន្ថែមទៀត។

លោក ត្រាំ បានសង្កត់ធ្ងន់ថា ៖«វាពិបាកណាស់ក្នុងការសម្រេចកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ ពេលខ្លះ [យើង]ត្រូវតែបង្កើតឱ្យមានភាពភ័យខ្លាច។ នោះគឺជាអ្វីតែមួយគត់ ដែលនឹងធ្វើឱ្យស្ថានភាពត្រូវបានដោះស្រាយ» ជាមួយគ្នានេះ អ្នកនាំពាក្យសេតវិមាន លោកស្រី អាន់ណា ខេលលី (Anna Kelly) បានឆ្លើយតបថា ៖«ប្រធានាធិបតី ត្រាំ មានជម្រើសទាំងអស់នៅលើតុទាក់ទងនឹងអ៊ីរ៉ង់។ លោកស្ដាប់ទស្សនៈចម្រុះលើបញ្ហានីមួយៗ ប៉ុន្តែការសម្រេចចិត្តចុងក្រោយគឺផ្អែកលើអ្វីដែលល្អបំផុតសម្រាប់ប្រទេសជាតិ និងសន្តិសុខជាតិរបស់យើង»។ គេនៅចាំបានថា កាលពីឆ្នាំមុន សហរដ្ឋអាម៉េរិកបានបញ្ជូននាវាផ្ទុកយន្តហោះចំនួន២គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ា នៅពេលដែលរដ្ឋធានីវ៉ាស៊ីនតោនបានបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការ«Midnight Hammer» កាលពីខែមិថុនា កន្លងទៅ គ្រាន់តែជាការវាយប្រហារតែមួយលើកប៉ុណ្ណោះ ដែលអាម៉េរិកបានប្រើប្រាស់ស្តេចយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2-Spirit ហោះត្រង់ពីសហរដ្ឋអាម៉េរិក ទៅខ្ជាក់ទម្លាក់គ្រាប់បែកកម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

គួរបញ្ជាក់ថា បច្ចុប្បន្ន អាម៉េរិកមានមូលដ្ឋានទ័ពពាសពេញមជ្ឈិមបូព៌ា រួមមាននៅ​៖ ហ្ស៊កដានី គុយវ៉ែត អារ៉ាប៊ីសាអូឌីត កាតា បារ៉ែន អេមីរ៉ាត់អារ៉ាប់រួម និងតួកគី។ ការបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងខ្នាតយក្សចំនួ​ន២គ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា រួមទាំងនាវាចម្បាំង មីស៊ីល អាវុធទំនើបៗ និងការត្រៀមផែនការសឹកអូសបន្លាយរយៈពេលវែង បានបង្ហាញយ៉ាងប្រត្យក្សថា អាម៉េរិកលែងជឿជាក់លើការចរចាទៀតហើយ។ ប្រសិនបើការទូតនៅប្រទេសអូម៉ង់បរាជ័យ នោះវិនាសកម្មនៃភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ានឹងផ្ទុះឡើងជាក់ជាមិនខាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត