ព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណនៅខេត្តត្បូងឃ្មុំ​ មានអ្នកចូលរួមជិត១៤ម៉ឺននាក់
S
Soriya Sou
2 ម៉ោងមុន

ក្រុងសួង៖ ព្រឹត្តិការណ៍«ចាប់ត្រីបែបបុរាណ» ប្រចាំឆ្នាំ២០២៦ នៅតំបន់ត្រពាំងក្រម ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ ទទួលបានអ្នកចូលរួមជាង១៣ម៉ឺន៧ពាន់នាក់​ ដែលនេះជាសញ្ញាណវិជ្ជមានដ៏ធំធេងសម្រាប់វិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌ក្នុងតំបន់...។

ពិធីនេះ ប្រព្រឹត្តទៅក្នុងថ្ងៃ១៤កុម្ភៈ ក្រោមអធិបភាព លោក ប៉ែន​ កុសល្យ អភិបាលខេត្តត្បូងឃ្មុំ។ លោកអភិបាលខេត្តមានប្រសាសន៍ថា ព្រឹត្តិការណ៍ «ចាប់ត្រីបែបបុរាណ» ប្រចាំឆ្នាំ២០២៦ មិនមែនគ្រាន់តែជាការកម្សាន្តសប្បាយមួយពេលនោះទេ ប៉ុន្តែវាគឺជាសកម្មភាពតបស្នង និងថែរក្សានូវមរតកវប្បធម៌ដ៏មានតម្លៃដែលដូនតាខ្មែរបានបន្សល់ទុកមកឱ្យយើងគ្រប់ជំនាន់។ ការប្រើប្រាស់ឧបករណ៍នេសាទបុរាណ ដូចជា៖ អង្រុត ឈ្នាង និងត្រក គឺជាការបង្ហាញពីអត្តសញ្ញាណជាតិ និងជាការដាស់តឿនឱ្យកូនខ្មែរជំនាន់ក្រោយរួមគ្នាអភិរក្សទម្លាប់នេសាទបែបធម្មជាតិ កុំឱ្យបាត់បង់ទៅតាមឥទ្ធិពលនៃសម័យកាលទំនើប។

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មនុស្សរហូតដល់១៣៧ ៨០០នាក់ (ស្រី៧៥០០០នាក់) ក្នុងនោះមានភ្ញៀវអន្តរជាតិ​ចំនួន៧១៨នាក់ បានចូលរួមព្រឹត្តិការណ៍ខាងលើ។ តួលេខនេះ បង្ហាញពីការកើនឡើងយ៉ាងខ្លាំងដល់ទៅជាង៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៥ មានអ្នកចូលរួមប្រមាណជាង១០ម៉ឺននាក់ប៉ុណ្ណោះ។ វាជាសញ្ញាណវិជ្ជមានសម្រាប់វិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌ក្នុងតំបន់។ នៅតាមផ្ទៃទឹកត្រពាំងក្រមដែលមានទំហំ១ហិកតា (ក្នុងផ្ទៃដីសរុប៣០ហិកតា) សំឡេងហ៊ោកញ្ជ្រៀវ និងស្នាមញញឹមបានលេចឡើងគ្រប់ទិសទី ពលរដ្ឋគ្រប់វ័យបានចុះលុយទឹកដោយដៃកាន់ឧបករណ៍នេសាទបុរាណយ៉ាងស្ទាត់ជំនាញ។ ក្រោយបញ្ចប់ការចាប់ត្រី ក៏មានការរៀបចំពិសាអាហារសាមគ្គីជុំគ្នា និងការប្រគំតន្ត្រីរាំលេងកម្សាន្តយ៉ាងកក់ក្ដៅ ដែលបង្ហាញពីស្មារតី «ខ្មែរតែមួយ» យ៉ាងពិតប្រាកដ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត