
ក្រុងខេមរភូមិន្ទ៖ មន្រ្តីក្រសួងបរិស្ថាន តំណាងមកពីអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ និងសហគមន៍ដៃគូ បានលែងកូនក្តាមថ្មចំនួន៣០០គីឡូក្រាម ចូលទៅក្នុងតំបន់អភិរក្សធនធានសេនេទិចក្តាមថ្ម និងក្តាមជ័រ ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង...។

មន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី១៤កុម្ភៈ គូសបញ្ជាក់ថា ការលែងកូនក្តាមថ្មនេះ ក្នុងគោលបំណង ដើម្បីគាំទ្រការស្ដារឡើងវិញនូវធនធានសេនេទិច នៅក្នុងតំបន់ការពារព្រៃកោងកាង និងបង្កើនភាពធន់របស់សហគមន៍ ដែលពឹងផ្អែកលើវិស័យជលផល។ លើសពីនេះ ការស្តារធនធានឡើងវិញ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកែលម្អការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ អភិរក្សជីវៈចម្រុះ និងឆ្លើយតបនឹងការធ្លាក់ចុះផលនេសាទ ដោយសារការប្រែប្រួលអាកាសធាតុ។

គួរដឹងថា ការចូលរួមអភិរក្សក្តាមថ្ម ក្រៅពីសំណាក់សមាជិកសហគមន៍ ប្រជានេសាទ ឈ្មួញកណ្តាល អ្នកបរិភោគ ពិតជាមានសារសំខាន់ណាស់ ព្រោះជាការចូលរួមដ៏ធំធេងក្នុងការថែរក្សា ប្រភេទក្តាមនេះ ក៏ដូចជាប្រភេទក្តាមផ្សេងៗទៀត ឱ្យកាន់តែសម្បូរ និងមាននិរន្តភាព ដើម្បីកូនចៅជំនាន់ក្រោយ៕




