
ខេត្តត្បូងឃ្មុំ៖ ពិធីចាប់ត្រីជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ដែលធ្វើឡើងដើម្បីរំឭកពីសកម្មភាពពីបុរាណ និងរក្សាប្រពៃណីចាប់ត្រីពីបុរាណផងដែរ។ ពិធីចាប់ត្រីឆ្នាំនេះបានធ្វើឡើង កាលពីថ្ងៃទី១៧ ខែកុម្ភៈ នៅបរិវេណបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ដែលមានអ្នកចូលរួមប្រមាណជាង៩ម៉ឺននាក់ មកពីខេត្តត្បូងឃ្មុំ និងខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។

យោងតាមរតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានឱ្យដឹងបន្ថែមថា ពិធីចាប់ត្រីបែបប្រពៃណីនៅឆ្នាំ២០២៤ មានការចូលរួមពីភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករប្រមាណ៩៨៥០០នាក់ នៅក្នុងនោះក៏មានភ្ញៀវអន្តរជាតិចំនួន២នាក់ផងដែរ។

សូមរំឭកថា បឹងត្រពាំងក្រមតែងតែរៀបចំកម្មវិធីនេសាទប្រពៃណីមួយឆ្នាំម្តង ក្នុងគោលបំណងដើម្បីរក្សានូវវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋក្នុងតំបន់ ហើយតំបន់បឹងក្រមនេះ មានផ្ទៃដីប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឱ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រហមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រី ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រកជាដើម៕
រាយការណ៍ដោយ៖ ភ្នាក់ងារខេត្តត្បូងឃ្មុំ



