បុរី មេគង្គ លែន ចែករំលែកក្ដីស្រលាញ់ជាមួយប្អូនៗសិស្សានុសិស្សនៅសាលារៀន ហ៊ុន សែន រកាជន្លឹង
ហាក់ អ៊ីឌី
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ បុរី មេគង្គ លែន ចូលរួមចែករំលែកក្ដីស្រលាញ់ និងភាពកក់ក្ដៅជាមួយប្អូនៗសិស្សានុសិស្សនៅ អនុវិទ្យាល័យ និង បឋមសិក្សា ហ៊ុន សែន រកាជន្លឹង ដែលស្ថិតនៅ ភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងឱកាសទិវាបុណ្យនៃក្ដីស្រលាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ការចូលរួមនេះបានផ្ដោតទៅលើគោលបំណងចម្បងសំខាន់ៗដើម្បីលើកកម្ពស់សេចក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅ សេចក្ដីមេត្តាករុណា ក្នុងចំណោមកុមារ, លើកទឹកចិត្តដល់ការច្នៃប្រឌិតក្នុងការផាត់ពណ៌គំនូរ និង បង្កើតបទពិសោធថ្ងៃទិវាបុណ្យនៃក្ដីស្រលាញ់ដែលពោរពេញដោយភាពសប្បាយរីករាយសម្រាប់សិស្សទាំងអស់។ ក្នុងឱកាសនោះ គណៈគ្រប់គ្រង បុរី មេគង្គ លែន បានជួបសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្ស និងបានរៀបចំសកម្មភាពផាត់រូបគំនូរ ដោយបន្ថែមការចែកជូនអំណោយជាកាដូសម្ភារសិក្សា តុក្កតា និងទឹកដោះគោ ដើម្បីជាការលើកទឹកចិត្ត និងចូលរួមគាំទ្រការសិក្សារបស់ពួកគេផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ បុរី មេគង្គ លែន ក្រោមការផ្ដួចផ្ដើមរបស់ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃ បុរី មេគង្គ លែន និង លោកជំទាវ ហេង ចិន្តា បានកសាង «បណ្ដាល័យនៃក្ដីស្រលាញ់» ក្នុងគោលបំណង​ជួយ បណ្ដុះបណ្ដាល សិស្សានុសិស្ស ទាំងសាលា​បឋម,  អនុវិទ្យាល័យ និង វិទ្យាល័យ ក្នុងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តល ឱ្យទទួលបាននូវចំណេះដឹងបន្ថែមទៀតតាមរយៈការអានសៀវភៅ ក៏ដូចជាជួយបណ្ដុះបណ្ដាល បញ្ញវន្តខ្មែរដើម្បីជាចំណែក ក្នុងការអភិវឌ្ឍប្រទេសបន្ថែមទៀត។

នៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២៣ ដែលត្រូវនឹងថ្ងៃទិវាបុណ្យនៃក្ដីស្រលាញ់ពិភពលោក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយរិទ្ធកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។បុរី មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុនគេមួយក្នុងប្រទេសកម្ពុជា តែងតែបន្តចូលរួមយ៉ាងសកម្មជាមួយសហគមន៍ វិស័យអប់រំ និងវិស័យដទៃទៀតជាច្រើន តាមរយៈសកម្មភាពសង្គមនានា ដើម្បីរួមចំណែកបង្កើនផលវិជ្ជមាននិងការរីកចម្រើនជូនដល់សង្គមជាតិទាំងមូល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត