កសិដ្ឋានមួយក្នុងស្រុកស្ទឹងហាវ ចិញ្ចឹមក្តាមថ្មយកពង និងសាច់តាមបែបទំនើប
K
Kimhuoy Klaing
06 ធ្នូ 2022 10:00 AM

ព្រះសីហនុ៖ បច្ចុប្បន្ន ក្តាមធំៗនៅក្នុងស្រុកមួយចំនួន ត្រូវបានកសិដ្ឋានចិញ្ចឹមក្តាមមួយកន្លែង ក្នុងស្រុកស្ទឹងហាវ ក្នុងខេត្តព្រះសីហនុ ប្រមូលទិញពីប្រជានេសាទ ដើម្បីចិញ្ចឹមយកពង និងយកសាច់ដែលមានគុណភាពខ្ពស់តាមបែបលក្ខណៈទំនើប។

អ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមក្តាមម្នាក់ឈ្មោះ ប៊ុន លីឡាយ បានលើកឡើងថា ការចិញ្ចឹមក្តាមមានលក្ខណៈទំនើបដូច្នេះ ក្តាមមានទិន្នផលខ្ពស់ គុណភាព និងអនាម័យ។ រីឯកន្លែងចិញ្ចឹម គឺប្លែកពីគេដោយក្តាមនីមួយៗត្រូវដាក់ក្នុងប្រអប់ដាច់ដោយឡែកពីគ្នា ខុសពីក្តាមដែលចិញ្ចឹមនៅតាមស្រះផ្សេងៗ។ មុននឹងលក់ចេញទៅលើទីផ្សារវិញ ក្តាមទាំងនោះត្រូវបានយកមកចិញ្ចឹមបំប៉នចំណីឱ្យបានធំធាត់ និងគ្រប់គ្រាន់ ក្នុងមួយថ្ងៃពីរដង។

លោកបានបន្ថែមថា កន្លែងសម្រាប់ដាក់ក្តាមមានជាង៦ពាន់ប្រឡោះ ក្នុងមួយប្រឡោះដាក់ក្តាមបានមួយហើយចំពោះទឹក គឺមិនបង្ហូរបញ្ចេញមកក្រៅធ្វើឱ្យប៉ះពាល់បរិស្ថាននោះឡើយ។ លោកថា ចំពោះទីផ្សារនាពេលបច្ចុប្បន្នគឺដំណើរការល្អ ក្រោយពីរាជរដ្ឋាភិបាលបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ ជាពិសេសក្រោយពីផ្លូវល្បឿនលឿនបានដំណើរការភ្ញៀវទេសចរមកលេងច្រើន ហើយទីផ្សារក្តាមក៏មានភាពងាយស្រួលក្នុងការលក់ដូរ ជាពិសេសនៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានាក្នុងក្រុងនៃខេត្តព្រះសីហនុ។ 

ដោយឡែក ក្តាមដែលត្រូវលក់ចេញគឺទម្ងន់ចាប់ពី៣ក្បាលក្នុង១គីឡូ រហូតដល់ ៦ក្បាលក្នុង១គីឡូ ស្ថិតតាមតម្រូវការរបស់ភ្ញៀវនីមួយៗ ចំណែកឯតម្លៃគឺមិនទៀងទេ អាស្រ័យទៅលើតម្លៃប្រេងដែលប្រជានេសាទចេញទៅនេសាទ។ អ្នកគ្រប់គ្រងកសិដ្ឋានរូបនេះ បានអះអាងថា ក្តាមដែលចិញ្ចឹមក្នុងកន្លែងរបស់លោក គឺមានគុណភាព និងអនាម័យ ហើយបើអតិថិជនត្រូវការក្តាមពង គឺបានក្តាមពង បើចង់បានក្តាមសាច់ គឺបានបានក្តាមសាច់ព្រោះមានអ្នកបច្ចេកទេសមើលថែ និងញែកដាច់ដោយឡែកពីគ្នាច្បាស់លាស់។

លោកបានបន្ថែមថា ការចិញ្ចឹមតាមបែបទំនើបដូច្នេះ គឺត្រូវចំណាយថវិកាច្រើនព្រោះសម្ភារៈ និងបច្ចេកទេសនាំចូលពីក្រៅប្រទេស។ ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរ ជាពិសេសមន្ត្រីជំនាញរដ្ឋបាលជលផល ដែលបានលើកទឹកចិត្តជំរុញដល់ការចិញ្ចឹមតាមបែបវារីវប្បកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ផលសមុទ្រនៅលើទីផ្សារ និងផ្ដល់បច្ចេកទេសបន្ថែម ដើម្បីឱ្យការចិញ្ចឹមរបស់លោកទទួលបានជោគជ័យមកដល់ពេលនេះ៕ រាយការណ៍ដោយ៖ លោក សោម ភ័ក្រត្រា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត