បុណ្យចូលឆ្នាំចិន! ក្រសួងសុខាភិបាលក្រើនរំឭកឱ្យពលរដ្ឋប្រុងប្រយ័ត្នជាមួយការបរិភោគ ជាពិសេសមាន់ ទា​ និងស្រាបៀរ
L
Linda Sorn
17 ម៉ោងមុន

រាជធានីភ្នំពេញ៖ ខណៈពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម នឹងមកដល់នៅថ្ងៃទី១៦កុម្ភៈ ខាងមុខនេះ ក្រសួងសុខាភិបាលណែនាំឱ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នជាមួយការបរិភោគ ជាពិសេសមាន់ ទា​ និងស្រាបៀរដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងប៉ះពាល់ដល់សុខភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះផ្សាយនៅថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៦។

ក្រសួងសុខាភិបាល មើលឃើញថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ពលរដ្ឋមួយចំនួន តែងមានការជួបជុំគ្រួសារ បងប្អូនញាតិមិត្ត រៀបចំធ្វើម្ហូបអាហារ និងធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានា។ ដើម្បីការពារសុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ក្រសួងការណែនាំពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ ការពារសុខភាព សុវត្ថិភាព ដោយត្រូវប្រកាន់ខ្ជាប់អនាម័យជាប្រចាំ លាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ បន្ទាប់ពីប៉ះពាល់សត្វ បោចសម្អាត សម្លាប់សត្វ លាងសម្អាតសាច់ ឬប៉ះពាល់វត្ថុដែលអាចជាប្រភពមេរោគ។

ក្រសួងសង្កត់ធ្ងន់ថា៖«កុំប៉ះពាល់ ឬទទួលទានមាន់ ទា ឈឺ ឬងាប់។ ពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ ទា។ ធ្វើម្ហូបអាហាររួចហើយ ស្រុះវាក្នុងទឹកពុះ មុននឹងបោចសម្អាតរោម»។ ជាមួយគ្នា ក្រសួងក៏ណែនាំឱ្យទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព ចៀសវាងរក្សាទុកអាហារក្នុងកន្លែងដែលមានសីតុណ្ហភាពធម្មតាលើសពី២ម៉ោង (បើសីតុណ្ហភាពត្រជាក់ គឺត្រូវតិចជាង៥អង្សាសេ បើក្ដៅ គឺត្រូវលើសពី៦០អង្សាសេ) ឬចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុកអាហារសេសសល់យូរឡើយ។

មួយវិញទៀត ក្រសួងហាមមិនឱ្យទទួលទានស្រា ដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុល មកលាយជាមួយស្រាស ដែលបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត ហើយមិនត្រូវទទួលទានភេសជ្ជៈស្រវឹងលើសកម្រិត ដែលអាចបង្កឱ្យមានអំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងបង្ការអគ្គិភ័យនៅតាមផ្ទះសម្បែងរៀងៗខ្លួន។ ករណីប្រជាពលរដ្ឋមានអាការក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ឬសង្ស័យថាមានការឆ្លងជំងឺ ក្រសួងណែនាំឱ្យទៅពិនិត្យពិគ្រោះនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យបានឆាប់រហ័ស ឬទូរសព្ទទៅលេខ១១៥៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត